(ម៉ូស្គូ)៖ ទីបំផុតពិធីស្បថឡើងកាន់តំណែងជាផ្លូវការនៃលោក វ៉្លាឌីមៀ ពូទីន ជាប្រធានាធិបតីរុស្ស៊ីនាអាណត្តិថ្មី ដែលត្រូវជាអាណត្តិទី ៤ របស់បុរសខ្លាំងរុស្ស៊ីរូបនេះ បានចាប់ផ្តើមឡើងហើយក្នុងវិមានក្រឹមឡាំង នាព្រឹកថ្ងៃចន្ទ (ម៉ោងនៅទីក្រុងម៉ូស្គូ) ដោយក្នុងនោះលោកបានប្តេជ្ញាចិត្តថែរក្សាផលប្រយោជន៍ជាតិរុស្ស៊ីជាធំ និងធ្វើការគ្រប់គ្រងប្រទេសរយៈពេល ០៦ឆ្នាំ ទៅមុខទៀតប្រកបដោយភាពទទួលខុសត្រូវធំធេងបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នាល្ងាចថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
នៅចំពោះមុខប្រជាជាតិទាំងមូល ដែលមានការ Live វីដេអូតាមទូរទស្សន៍ក្នុងស្រុកទាំងអស់ និងសារព័ត៌មានធំៗនៅរុស្ស៊ីនោះ លោក ពូទីន បានថ្លែងបញ្ជាក់ច្បាស់ៗថា «ខ្ញុំជឿជាក់ថា ការធានារ៉ាប់រងចំពោះសន្តិភាព និងអនាគតដ៏រុងរឿងរបស់រុស្ស៊ី គឺជាកាតព្វកិច្ចប្រកបដោយអត្ថន័យនៃជីវិតរបស់ខ្ញុំ។ ប្រទេសរុស្ស៊ីនឹងអាចសម្រេចបានជោគជ័យធំមួយ ព្រោះតែប្រទេសមួយនេះគឺជាក្រុមដ៏ធំមួយ ដែលអាចរួមគ្នាដោះស្រាយបញ្ហាគ្រប់យ៉ាង»។
ចំពោះមុខអ្នកចូលរួមដោយផ្ទាល់រាប់ពាន់នាក់ ក្នុងវិមានក្រឹមឡាំង និងប្រជាជនរុស្ស៊ីទាំងជិត ១៤៤លាននាក់ លោក ពូទីន បានសង្កត់ធ្ងន់ថា «បច្ចុប្បន្ននេះជាសម័យកាលដ៏ចលាចល ហើយផ្លូវឆ្ពោះទៅមុខ គឺមិនងាយស្រួលនោះឡើយ។ វាជាការស្វះស្វែងរកដោយលំបាកបំផុត។ ប្រវត្តិសាស្ត្រមិនអាចលើកលែងចំពោះតែរឿងមួយប៉ុណ្ណោះទេ ប៉ុន្តែមានរឿងច្រើនទៀតដូចជា ការព្រងើយកន្តើយ និងភាពមិនចុះសម្រុងគ្នា, ការបណ្តែតបណ្តោយ និងការត្អូញត្អែរ ហើយជាពិសេសនៅថ្ងៃនេះ ដែលជាចំណុចរបត់មួយ នៃសម័យកាលដែលមានការផ្លាស់ប្តូរ ដ៏ច្របូលច្របល់របស់ពិភពលោក»។
លោក ពូទីន បានឡើងកាន់អំណាចអស់រយៈពេល ១៨ឆ្នាំមកហើយ ទាំងក្នុងនាមជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរុស្ស៊ី ដោយក្នុងមួយអាណត្តិមានរយៈពេល ០៦ឆ្នាំ។
គួរបញ្ជាក់ថា លោក វ៉្លាឌីមៀ ពូទីន ទទួលបានសំឡេងគាំទ្រ ៧៦ភាគរយ នៅក្នុងការបោះឆ្នោតប្រធានាធីបតីកាលពីខែមីនា ហើយដែលនេះគឺជាជ័យជម្នះដ៏ធំបំផុតរបស់លោក៕