(ម៉ានីល)៖ ហ្វីលីពីន និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធ ប្រឆាំងនឹងភេរវកម្ម និងសមត្ថភាពផ្ដល់ជំនួយមនុស្សធម៌។ នេះបើតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិហ្វីលីពីន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
យោងតាមសម្តីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វីន ឡូរែនហ្សាណា (Delfin Lorenzana) សមយុទ្ធយោធាមានឈ្មោះ បាលីកាតាន់ ២០១៨ (Balikatan 2018) និងមានរយៈពេល ១២ថ្ងៃ នឹងត្រូវប្រព្រឹត្តទៅដោយផ្ដោតសំខាន់លើ ការបណ្ដុះបណ្ដាលសមត្ថភាពរបស់យោធាហ្វីលីពីន ក្នុងការឆ្លើយតបរាល់បញ្ហាប្រឈមផ្នែកសន្តិសុខទាំងឡាយ។
ចំណែកឯអគ្គរដ្ឋទូតអាមេរិកប្រចាំហ្វីលីពីន លោក សាំង គីម (Sung Kim) ក៏បានបញ្ជាក់ដែរថា សមយុទ្ធនេះនឹង មិនផ្ដោតសំខាន់តែទៅលើ ការបង្កើនសមត្ថភាពផ្ដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដោត សំខាន់ផងដែរលើប្រតិបត្តិការយោធានៅលើដី។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិហ្វីលីពីន កងម៉ារីន និងកងទ័ពអាកាសហ្វីលីពីន ៥,០០០នាក់ ព្រមទាំងកងទ័ពអាមេរិក ៣,០០០នាក់ បានចូលរួមក្នុងសមយុទ្ធយោធារួមគ្នានៅក្នុងឆ្នាំ២០១៨នេះ ដែលនឹងត្រូវធ្វើឡើងនៅតាមតំបន់ជាច្រើននៅលើកោះ លីហ្សូន (Luzon) របស់ហ្វីលីពីន៕