(កាប៊ុល)៖ សមាជិកក្រុមសកម្មប្រយុទ្ធយ៉ាងតិចចំនួន ៤២នាក់ បានស្លាប់ និង ២៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់គ្នានាអំឡុងពេល ២៤ម៉ោងចុងក្រោយនេះ នៅប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិរបស់អាហ្វហ្គានីស្ថាន ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន នៅខេត្តអ៊ូរ៉ាសហ្គាន់ (Uruzgan) ភាគខាងត្បូងប្រទេស ជនសកម្មប្រយុទ្ធ ១៨នាក់បានស្លាប់ និង ១៤នាក់រងរបួស ក្រោយពីទីតាំងមួយចំនួនរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ត្រូវបានវាយប្រហារដោយកងយន្តហោះចម្បាំង នៅជាយក្រុងទីរីនកូត (Tirin Kot) និងស្រុក ឌីរ៉ាវូដ (Dihrawud) ដែលនៅជាប់នោះ។
បន្ថែមពីនេះពួកតាលីបង់ ០៩នាក់បានស្លាប់ និង ០៧នាក់បានរងរបួសនៅក្នុងការធ្វើប្រតិបត្តិការវាយលុកតាមផ្លូវអាកាសស្រដៀងគ្នានេះ នៅឯស្រុកម៉ារូហ្វ (Maruf) នៃខេត្ត កាន់ដាហា (Kandahar) ដែលស្ថិតនៅក្បែរបងគ្នា។ ម៉្យាងវិញទៀតជនសកម្មប្រយុទ្ធ ១០នាក់ ក៏បានស្លាប់នៅស្រុកដេយចូផាន់ (Daychopan) នៃខេត្តហ្សាប៊ុល (Zabul) ភាគខាងត្បូងប្រទេសផងដែរ។ ជាមួយគ្នានេះ នៅខេត្ត ហ្វារយ៉ាប់ (Faryab) ភាគខាងជើងវិញ ជនសកម្មប្រយុទ្ធ ០៥នាក់បានស្លាប់ និង ០៣នាក់រងរបួស ក្រោយពីមានការវាយប្រហារតាមផ្លូវអាកាស ទៅលើកន្លែងលាក់ខ្លួនរបស់ពួកគេនៅស្រុកអាល់ម៉ារ (Almar)។
គួរជម្រាបថា គ្រឿងសព្វាវុធ និងគ្រាប់កាំភ្លើងក្នុងចំនួនជាច្រើន ក៏ត្រូវបានកម្ទេចចោល ដោយប្រតិបត្តិការដ៏ក្តៅគគុកទាំងប៉ុន្មានខាងលើផងដែរ ដែលពួកវាត្រូវបានធ្វើឡើង ដោយកងទ័ពអាកាសអាហ្វហ្គានីស្ថានផ្ទាល់ រួមនិងកងកម្លាំងចម្រុះដឹកនាំដោយ NATO និងសហរដ្ឋអាមេរិក៕