(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក ព្រុយណូ ឡឺ មែរ (Bruno Le Maire) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មក្នុងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥។ លោក ឡឺ ម៊ែរ ក៏បានអំពាវនាវឱ្យលោក ត្រាំ សូមទោសប្រជាជនបារាំងផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
រដ្ឋាភិបាលបារាំងបានសម្ដែងការខឹងសម្បារ និងសោកស្ដាយជាខ្លាំង ទៅនឹងការលើកឡើងរបស់លោក ត្រាំ ដែលថា «ការវាយប្រហារ ភេរវកម្មក្នុងទីក្រុងប៉ារីស នឹងមិនកើតឡើង ឬក៏នឹងមិនបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនឡើយ បើសិនជាប្រជាជនបារាំងមានសិទ្ធិ ប្រើប្រាស់កំាភ្លើង ហើយច្បាប់ប្រើប្រាស់កាំភ្លើងមិនត្រូវបានរឹតត្បិត»។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងគោលបំណងគាំទ្រច្បាប់ប្រើកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក។
ប៉ុន្តែជុំវិញការលើកឡើងនេះដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក ព្រុយណូ ឡឺ មែរ បាននិយាយថា លោកសង្ឃឹមថាប្រធានាធិបតីអាមេរិករូបនេះ នឹងគិតគូរឡើងវិញពីអ្វីដែលខ្លួនបាននិយាយ និងសូមទោសប្រជាជនបារាំង។ «ការលើកឡើងរបស់លោក គឺជាការប៉ះទង្គិចដ៏ខ្លាំងដល់ផ្លូវអារម្មណ៍ ហើយវាមិនមែនជាសម្ដីរបស់ប្រធានាធិបតី នៃមហាអំណាចពិភពលោកឡើយ»។ នេះជាការគូសបញ្ជាក់របស់លោក ឡឺ មែរ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ពួក ISIS ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានផ្ដាច់យកអាយុជីវិតមនុស្ស ១៣០នាក់ និងរាប់រយនាក់ទៀតរងរបួស ហើយវាគឺជាប្រវត្តិសាស្ត្រ នៃការទទួលរងគ្រោះដោយភេរវកម្មធ្ងន់ធ្ងរបំផុត ចារទុកក្នុងប្រវត្តិសាស្ត្រប្រទេសអឺរ៉ុបមួយនេះ៕