(ម៉ូស្គូ)៖ ការដ្ឋានសាងសង់ស្ថានីយស្រាវជ្រាវ ដែលធុននឹងទឹកកកនៅតំបន់ប៉ូលខាងជើង ដែលត្រូវបានរចនាឡើង ដើម្បីសិក្សាពីមហាសមុទ្រអាក់ទិចនោះ នឹងចាប់ផ្តើមនៅទីក្រុង Saint Petersburg នាឆ្នាំ២០១៩។ នេះបើតាមការឲ្យដឹងពីសំណាក់រដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថានរុស្ស៊ី លោក ស៊ឺហ្គៃ ដុនស្កុយ (Sergei Donskoy) ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
បើតាមលោក Sergei Donskoy សំណាក់កាលនៃការកំណត់តម្រូវការផ្នែកបច្ចេកទេស កំពុងត្រូវត្រៀមរៀបចំនាពេលនេះ ខណៈដំណាក់កាលរចនានឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ ខណៈដំណាក់កាលនៃការសាងសង់ នឹងត្រូវប្រព្រឹត្តទៅនាឆ្នាំក្រោយ។ លោក Donskoy ក៏បានសង្កត់ធ្ងន់ផងដែរថា ស្ថានីយតាមដានសមុទ្រទឹកកកអណ្តែតទឹកនេះ នឹងប្លែកខុសពីគេ ហើយមានភាពលំបាកខ្លាំង ក្នុងការសាងសង់ឡើង។
គួរជម្រាបថា ស្ថានីយខាងលើ នឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើការសិក្សាស្រាវជ្រាវ នៅសមុទ្រអាក់ទិច ខណៈមានការអង្កេតពីលោកខាងលិចមិនដាក់ភ្នែក អំពីការបង្កើនឥទ្ធិពលសន្សឹមរបស់រុស្ស៊ី នៅតំបន់មហាសមុទ្រទឹកកកអាក់ទិច ដែលរុស្ស៊ីមានសិទ្ធិស្ទើរតែពាក់កណ្តាល ដោយសារតែផ្ទៃប៉ូលខាងជើង ដ៏ធំធេងរបស់ប្រទេសនេះ៕