(ស៊ីរី)៖ ភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងដាម៉ាស់ និងក្រុមអ្នកប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ីរី កំពុងរីករាលដាលកាន់តែខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក បាននិងកំពុងបោះមូលដ្ឋានយោធាថ្មីមួយ នៅក្នុងទីក្រុងអាល់ហាសាកាហ៍ (Al-Hasakah) ភាគខាងជើងស៊ីរី ព្រមទាំងលទ្ធភាពនៃការបញ្ជូនយោធាចូលទៅក្នុងប្រទេសស៊ីរី ដោយក្រុមយោធាចំរុះអារ៉ាប់ (Arab Coalition) ដែលដឹកនាំដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតផងដែរ។
ប្រការខាងលើនេះ ធ្វើឲ្យគេនឹកឃើញកាលពីប៉ុន្មានខែមុន នៃការកែប្រែយុទ្ធសាស្ត្រយោធាដែលអាមេរិកធ្លាប់អះអាងថា នឹងដកទ័ពចេញពីស៊ីរី ប៉ុន្តែវាត្រូវបានស្ងប់ស្ងាត់ទៅវិញ។ ភាពស្ងប់ស្ងាត់នេះ គឺយោងទៅលើបញ្ហាធំៗជាច្រើន ប៉ុន្តែគំរោងបង្កើតមូលដ្ឋានទ័ព ដែលអាចទៅរួចរបស់អាមេរិក នៅទឹកដីភាគខាងជើងស៊ីរី បានបង្ហាញចេតនាកាន់តែច្បាស់ឡើងវិញថា អាមេរិកមិនអាចបោះបង់ចោលទឹកដីយុទ្ធសាស្ត្រស៊ីរីមួយភាគធំ ដែលខ្លួនកំពុងមានវត្តមាននោះឡើយ។
បន្ថែមពីនេះទៀត សកម្មភាពរបស់កងកម្លាំងឃើដគាំទ្រដោយអាមេរិក ដើម្បីពង្រឹងទីតាំងរបស់ខ្លួននៅក្នុងតំបន់ខាងលើ បានបង្កើននូវគ្រោះថ្នាក់ នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយកងទ័ពស៊ីរី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ។ ចំណែកឯកងកម្លាំងឃើដ SDF ដែលមានកាជ្រោមជ្រែងពីសហរដ្ឋអាមេរិកផងដែរ កំពុងជីករណ្តៅ និងសាងសង់លេនដ្ឋាន (Bunker) នៅជុំវិញបន្ទាយរបស់ពួកគេ និងនៅតាមតំបន់នានាក្នុងទីក្រុង Al-Hasakah ខណៈដែលកងទ័ពស៊ីរី ត្រូវបានបង្គាប់ឲ្យមានការប្រុងជើងការខ្ពស់ នៅតំបន់នោះ។ ខាងក្រោមនេះជាសំនួរមួយចំនួន ដែលពិបាកនឹងរកចម្លើយឲ្យទទួលយកបាន៖
* ហេតុអ្វីបានជាសហរដ្ឋអាមេរិក ចង់បន្តស្ថិតនៅស៊ីរី?
បើគេចាំមិនភ្លេចទេ ក្នុងអំឡុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យ Stanford University កាលពីខែមករាកន្លងទៅ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា ផែនការសកម្មភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺមានគោលបំណងចម្បងប្រយុទ្ធប្រឆាំងនឹងពួក ISIS នៅស៊ីរី និងនៅក្នុងតំបន់មជ្ឈិមបូព៌ាទំាងមូល។
លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមានបំណងបង្កើតកងកម្លាំងថ្មីអ្វីនោះទេ ក្រៅតែពីចង់បានសន្តិភាព និងស្ថេរភាពជូនប្រជាជនស៊ីរី។ ប៉ុន្តែអតីតរដ្ឋមន្ត្រីការបទេស អាមេរិករូបនេះ ក៏បានកត់សម្គាល់ដែរថា ពួក ISIS មិនទាន់ត្រួវបានកម្ចាត់ទាំងស្រុងនៅឡើយទេ ហើយថារដ្ឋាភិបាលស៊ីរីរបស់លោក ប្រធានាធិបតី បាស្សា អាល់ អាស្សាដ គឺជាអ្នកដែលអាមេរិកប្រឆាំង និងគួរតែចុះចេញពីដំណែង កំពុងគ្រប់គ្រងទឹកដី និងប្រជាជនស៊ីរីជាងពាក់កណ្ដាល។
លើសពីនេះទៅទៀត លោក ធីល្លឺសុន បន្ថែមថា ពួក ISIS និងអាល់កៃដា មិនមែនជាការគំរាមកំហែងយុទ្ធសាស្ត្រតែមួយគត់ សម្រាប់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រដ្ឋាភិបាលស៊ីរី ក៏ជាមេគ្រោះរបស់អាមេរិក និងបណ្ដាប្រទេសជសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់ផងដែរ។ តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញមួយចំនួនយល់ថា សហរដ្ឋអាមេរិកបន្តរក្សាវត្តមាន យោធានៅក្នុងប្រទេសស៊ីរី គឺជាយុទ្ធសាស្ត្រមួយដ៏សំខាន់ ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី និងអ៊ីរ៉ង់ ដែលកំពុងកើនឡើងខ្លាំង ដោយសារតែជ័យជម្នះនៃកងកម្លាំងរដ្ឋាភិបាលស៊ីរី លើក្រុមប្រឆាំងស៊ីរី គំាទ្រដោយទីក្រុងវ៉ាស៊ីនតោន និងលោកខាងលិច។
គួរបញ្ជាក់ថា កាលពីខែមុននេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហើបពីគំរោងដកកងទ័ពអាមេរិកចេញពីស៊ីរី។ ប៉ុន្តែក្រោយមានសេចក្ដីរាយការណ៍ ពីការវាយប្រហារដោយអាវុធគីមីនៅក្នុងទីក្រុងឌួម៉ា គំរោងនេះហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ។
ដោយឡែក បើតាមលោក ធីល្លឺសុន សហរដ្ឋអាមេរិកអាចនឹងដកទ័ពចេញពីស៊ីរី លុះត្រាតែសម្រេចគោលបំណងធំៗចំនួនប្រាំ ជាមុនសិន៖
- ក្រុម ISIS និងក្រុមអាល់កៃដា ត្រូវបានកម្ចាត់ចោលទាំងស្រុង និងត្រូវធ្វើឱ្យប្រាកដថា ក្រុមទាំងពីរនេះលែងក្លាយជាការគំរាមដល់ស៊ីរី និងបណ្ដាប្រទេសនៅក្នុងតំបន់ និងមិនអាចបង្កើតទម្រង់ភេរវករថ្មីមួយឡើង។
- ជម្លោះត្រូវបានដោះស្រាយតាមរយៈអង្គការសហប្រជាជាតិ ចំណែកឯសេ្ថរភាព ឯកភាពជាតិ និងឯករាជ្យភាពស៊ីរី នៅមុនមេដឹកនាំ អាស្សាដ ត្រូវដំណើរការក្នុងនាមជារដ្ឋមួយ។
- ឥទ្ធិពលអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ត្រូវបានលុបបំបាត់ ហើយអ្នកជិតខាងស៊ីរី ត្រូវបានធានាសុវត្ថិភាព។
- លក្ខខណ្ឌជាច្រើនត្រូវបានបង្កើតឡើង ដើម្បីអាចឱ្យជនភៀសខ្លួនស៊ីរី អាចត្រឡប់មកផ្ទះរបស់ពួកគេវិញ។
- ស៊ីរីមិនមានអាវុធប្រល័យលោក។
* តើសហរដ្ឋអាមេរិក នឹងនាំសន្តិភាពជូនប្រជាជនស៊ីរី បានយ៉ាងដូចម្ដេច?
សហរដ្ឋអាមេរិកបានសន្យាថា នឹងដឹកនាំគំនិតផ្ដួចផ្ដើមបង្កើតស្ថេរភាព និងសន្តិភាព នៅតាមតំបន់រំដោះដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) គាំទ្រដោយសហរដ្ឋអាមេរិក និងលោកខាងលិច ដែលតួកគីចាត់ទុកថា ជាក្រុមអង្គការភេរវកម្ម។ គំនិតផ្ដួចផ្ដើម
សន្តិភាពនេះមានដូចជា ការបោសសំអាតគ្រាប់មីន, បើកមន្ទីរពេទ្យឡើងវិញ ក៏ដូចជាស្ដារផងដែរ វិស័យសំខាន់ៗជាច្រើនទៀត ជាពិសេសគឺការបញ្ជូនក្មេងឱ្យទៅសាលារៀនវិញ។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោន ថែមទាំងអាះអាងទៀតថា ខ្លួននឹងស្វែងរកការ បញ្ចប់ជម្លោះតាមរយៈកិច្ចចរចាលើបទឈប់បាញ់ និងដំណោះស្រាយនយោបាយ ក្រោមការគាំទ្រពីអង្គការសហប្រជាជាតិ ដើម្បីឆ្ពោះ ទៅរកការបោះឆ្នោតថ្មីមួយដែលប្រជាជនស៊ីរី ជាអ្នកកំណត់ជោគវាសនាប្រទេសរបស់ពួកគេដោយខ្លួនឯង។
គួរជម្រាបថា បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ប្រជាជនស៊ីរីច្រើនជាង ៤៦៥,០០០នាក់ ត្រូវបានគេជឿជាក់ថា បានស្លាប់ និងជាងមួយលាននាក់រងរបួស ខណៈមនុស្សជាង ១២លាននាក់ ក្លាយជាជនភៀសខ្លួនគិតចាប់តាំងសង្រ្គាមស៊ីរីផ្ទុះឡើង កាលពីឆ្នាំ ២០១១មក។ ប៉ុន្តែ មកទល់ពេលបច្ចុប្បន្ន សង្រ្គាមស៊ីរីមិនទាន់បញ្ចប់ឡើយ រីឯកងទ័ពអាមេរិកប្រមាណ ២,០០០នាក់ ដែលកំពុងបណ្ដុះបណ្ដាលកម្លាំងប្រឆាំងស៊ីរី ក៏មិនទាន់ត្រូវបានដកចេញដែរ នៅក្នុងបរិបទដែលកងកម្លាំងរដ្ឋាភិបាល នៃលោកប្រធានាធិបតី បាស្សា អាល់ អាស្សាដ បានវាយដណ្ដើមគ្រប់គ្រងទឹកដីស្ទើរទាំងស្រុង ក្រោមការជួយគំាទ្រពីសំណាក់រុស្ស៊ី និងអ៊ីរ៉ុង់ ដែលជាសុទ្ធសឹងជាសត្រូវយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក៕