(ហាណូយ)៖ ក្នុងអំឡុងពេល ០៤ខែដំបូងនៃឆ្នាំ២០១៨នេះ ប្រទេសវៀតណាមរកចំណូលបានជាង ២.៦ពាន់លានដុល្លារ ពីការនាំចេញឈើនិងផលិតផលដែលធ្វើពីឈើ ដែលចំនួននេះបានកើនឡើង ០៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមសមាគមផលិតផលព្រៃឈើវៀតណាម ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
វៀតណាមត្រូវបានគេព្យាករណ៍ថា នឹងរកចំណូលបានពីការនាំចេញឈើ និងផលិតផលធ្វើពីដើមឈើ ចំនួនប្រមាណជា ០៩ពាន់លានដុល្លារនៅឆ្នាំ២០១៨នេះ ពោលគឺច្រើនជាងឆ្នាំ២០១៧ ដែលប្រទេសអាស៊ានមួយនេះ រកបានជាង ៧.៦ពាន់ដុល្លារ។ ទីផ្សារនាំចេញឈើធំៗរបស់វៀតណាមរួមមាន សហរដ្ឋអាមេរិក ជប៉ុន ចិន និងសហភាពអឺរ៉ុប។
គួរជម្រាបថា នៅក្នុងវៀតណាម មានវត្តមានសហគ្រាសកែច្នៃឈើជិត ៤,០០០កន្លែង ដែលភាគច្រើននោះ គឺស្ថិតនៅតំបន់ភាគខាងត្បូងប្រទេស ដែលសហគ្រាសប្រមាណ ១,៥០០កន្លែង ក្នុងចំណោមនោះ មានឯកទេសខាងបង្កើតផលិតផលពីឈើ សម្រាប់ការនាំចេញទៅបរទេសតែម្តង៕