(ម៉ូស្គូ)៖ លោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំចូលរួមពិធីស្បថឡើងកាន់ដំណែងជាប្រធានាធិបតីរុស្ស៊ីសម្រាប់អណត្តិទី ៤ របស់លោកនៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងទីក្រុងម៉ូស្គូ) បន្ទាប់ពីលោកទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតកាលពីខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
លោក ពូទីន បានឡើងកាន់អំណាចអស់រយៈពេល ១៨ឆ្នាំមកហើយ ទាំងក្នុងនាមជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរុស្ស៊ី ដោយក្នុងមួយអាណត្តិមានរយៈពេល ០៦ឆ្នាំ។ ប៉ុន្តែក្រុមអ្នកប្រឆាំងនឹងរូបលោក បានហៅជ័យជម្នះ និងការដឹកនាំរបស់លោកថា កំពុងនាំរុស្ស៊ីត្រឡប់ទៅរករបបផ្ដាច់ការ ដូចការដឹកនាំរបស់អតីត ស្ដេចត្សាររុស្ស៊ី (tsar) មុនបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧។ ដោយឡែក នៅមុនថ្ងៃស្បថឡើងកាន់ដំណែងជាផ្លូវការ ប៉ូលិសរុស្ស៊ីក៏បានប៉ះទង្គិចគ្នាផងដែរ ជាមួយក្រុមបាតុករដឹកនាំដោយមេបក្សប្រឆាំង លោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) ដែលបាននាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងលោក ពូទីន ហើយបាតុកម្មតវ៉ានេះត្រូវបានគេរំពឹងថា នឹងកើតឡើងជាថ្មីនៅថ្ងៃចន្ទនេះ បើទោះជាបាតុករជាង ១,៦០០នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុខនេះក៏ដោយ។
គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានសំឡេងគាំទ្រ ៧៦ភាគរយ នៅក្នុងការបោះឆ្នោតប្រធានាធីបតីកាលពីខែមីនា ហើយដែលនេះគឺជាជ័យជម្នះដ៏ធំបំផុតរបស់លោក។ ប៉ុន្តែក្រុមអ្នកអង្កេតការណ៍អន្តរជាតិមួយចំនួនចោទប្រកាន់ថា ការបោះឆ្នោតនេះមិនមានតម្លា ភាពទាំងនៅមុន និងអំឡុងពេលបោះឆ្នោត ជាពិសេសគឺការរារាំងមិនឱ្យលោក Alexei Navalny ចូលរួមប្រកួតប្រជែងជាមួយលោក ពូទីន ក្នុងការបោះឆ្នោត៕