(អាមេរិក)៖ អតីតជំទាវទីមួយអាមេរិកលោកស្រី មីឈែល អូបាម៉ា (Michelle Obama) បានប្រកាសជាសាធារណថា លោកស្រីពុំមានគម្រោងដើម្បីឈរឈ្មោះ ដើម្បីប្រកួតប្រជែងធ្វើជាប្រធានាធិបតីអាមេរិក នាពេលអនាគតនោះឡើយ ទោះបីជាលោកស្រី កំពុងមានប្រជាប្រិយភាពកើនឡើងយ៉ាងណាក៏ដោយ ហើយប្រការនេះទៀតសោត បានបង្កឲ្យផ្ទុះជាការតស៊ូមតិគ្នាពេញលើបណ្តាញទំនាក់ទំនងសង្គម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម ដែលថាខ្លួនប្រហែលជាអាចឈរឈ្មោះ ធ្វើជាប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតឆ្នាំ២០២០ លោកស្រី Michelle បាននិយាយថា លោកស្រីពុំមានបំណងដើរតាមជំហានជើងរបស់ស្វាមីលោកស្រី គឺអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ឡើយ ហើយបានឆ្លៀតបកស្រាយបន្ថែមថា «សហរដ្ឋអាមេរិក ជាដំបូងឡើយគួរតែរួបរួមសាមគ្គីគ្នា ជាជាងប្រាថ្នាស្វែងរកបុគ្គលដ៏អស្ចារ្យ ដើម្បីមកធ្វើជាអ្នកជួយសង្រ្គោះខ្លួន»។
គួរជម្រាបថា ចំណែកឯ Twitter វិញ បានមានប្រតិកម្មខុសៗគ្នា ចំពោះការសម្រេចចិត្តបែបនេះ របស់លោកស្រី Michelle ដែលមិនដូចការរំពឹងទុករបស់អ្នកគាំទ្ររបស់លោកស្រី ដោយអ្នកប្រើប្រាស់មួយចំនួននៃបណ្តាញសង្គមនេះ បានងាកទៅអរគុណព្រះយេស៊ូគ្រឹស្ត ហើយរៀបរាប់ពីអ្វីៗគ្រប់យ៉ាង ដែលពួកគេជឿជាក់ថា លោកស្រីបានធ្វើខុសឆ្គង កាលពីអំឡុងអាណត្តិកាន់អំណាចរបស់ស្វាមីលោកស្រី និងខ្លះទៀតបានបង្ហាញពីការខកចិត្តរបស់ពួកគេ៕