(ស៊ីរី)៖ ភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងដាម៉ាស និងក្រុមអ្នកប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ីរី ត្រូវបានដុតរោលឲ្យកាន់តែក្តៅ នៅចំពេលមានសេចក្តីរាយការណ៍ព័ត៌មាន អំពីការបោះមូលដ្ឋានថ្មីរបស់កងទ័ពអាមេរិក នៅទីក្រុង អាល់ហាសាកាហ៍ (Al-Hasakah) ភាគខាងជើងស៊ីរី ព្រមទាំងការបញ្ជូនយោធាពីក្រុមយោធាចំរុះរបស់អារ៉ាប់ (Arab Coalition) ដែលដឹកនាំដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
សកម្មភាពរបស់កងកម្លាំងឃើដ ដើម្បីពង្រឹងទីតាំងរបស់ខ្លួននៅក្នុងតំបន់ខាងលើ បានបង្កើននូវគ្រោះថ្នាក់ នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយកងទ័ពស៊ីរី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ។ កងកម្លាំងឃើដ SDF ដែលមានការជ្រោមជ្រែងពីសហរដ្ឋអាមេរិក កំពុងជីករណ្តៅ និងសាងសង់លេនដ្ឋាន (Bunker) នៅជុំវិញបន្ទាយរបស់ពួកគេ និងនៅតាមតំបន់នានាក្នុងទីក្រុង Al-Hasakah ខណៈដែលកងទ័ពស៊ីរី ត្រូវបានបង្គាប់ឲ្យមានការប្រុងជើងការខ្ពស់ នៅតំបន់នោះ។
គួរជម្រាបថា ភាពតានតឹងកើនឡើងក្តៅគគុកនេះ បានបន្តយ៉ាងដូច្នេះ ចាប់តាំងតែពីសហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា បានបញ្ជូនសព្វាវុធថ្មីផ្សេងទៀត តាមច្រកព្រំដែន ស៊ីម៉ាល់កា (Simalka) និងត្រៀមបង្កើតមូលដ្ឋានថ្មី។ ជាមួយគ្នានេះ ក្រុមយោធាចំរុះនៃបណ្តាប្រទេសអារ៉ាប់ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក៏ត្រូវគេរាយការណ៍ថា បានព្រមព្រៀងគ្នានឹងបញ្ជូនកងទ័ពមកកាន់ភាគខាងជើងស៊ីរីផងដែរ៕