(អាមេរិក)៖ ខណៈដែលយានរុករក InSight ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាស ដើម្បីទៅបំពេញបេសកកម្មនៅភពអង្គារហើយនោះ អ្នកគួរស្វែងយល់ជំហានបន្ទាប់ នោះថាតើវានឹងត្រូវធ្វើអ្វីបន្ទាប់ទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
យានរុករក InSight បានចាប់ផ្តើមដំណើរផ្សងព្រេងរយៈពេល ២០៥ថ្ងៃ និង ៤៨៥លានគីឡូម៉ែត្ររបស់វា ឆ្ពោះទៅកាន់ភពព្រះអង្គារ (Mars) តាមរយៈការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Atlas V ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ការបាញ់បង្ហោះនោះ គឺជាលើកទីមួយនៅក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលបេសកកម្មឆ្លងភព (ធ្វើដំណើរទៅកាន់ភពផ្សេង) បានចាប់ផ្តើមចេញពីតំបន់ភាគខាងលិចរបស់សហរដ្ឋអាមេរិក។
រយៈពេលប្រមាណជាមួយម៉ោងកន្លះកន្លងផុតទៅ ក្រោយពីវាចាកចេញពីផ្ទៃផែនដី យាន InSight បានផ្តាច់ខ្លួនចេញពីតួខ្លួនរបស់គ្រាប់រ៉ុក្កែត Atlas ហើយចាប់ផ្តើមដំណើរផ្សងព្រេងរបស់វា ទៅកាន់ភពអង្គារ។ ប៉ុន្មាននាទីក្រោយមកទៀត ប្រព័ន្ធអង់តែន Deep Space Network របស់ NASA ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វរញ៉ា ក៏ទទួលបានសញ្ញារបស់ InSight ភ្លាមៗ ដែលបញ្ជាក់ថា យាន Lander មួយនេះ ពុំបានជួបប្រទះបញ្ហាអ្វីឡើយ។
ដោយគ្រោងទៅធ្វើការសិក្សាស្រាវជ្រាវលម្អិតពីសណ្ឋានផ្នែកខាងក្នុងយ៉ាងជ្រៅ របស់ភពក្រហមនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ InSight នឹងត្រូវមុជចូលទៅក្នុងបរិយាកាសរបស់ភពអង្គារ នៅឯតំបន់ Elysium Planitia។ យានប្រភេទ Lander នេះ ត្រូវគេរំពឹងថា នឹងចុះទៅដល់ផ្ទៃរបស់ភពអង្គារ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
គួរជម្រាបថា នៅក្នុងអំឡុងការធ្វើដំណើររយៈពេលជិត ០៧ខែទៅកាន់ Mars ទីភ្នាក់ងារអវកាស NASA នឹងត្រូវធ្វើតេស្តផ្សេងៗ ទៅលើប្រព័ន្ធក៏ដូចជាឧបករណ៍របស់ InSight ហើយការរៀបចំកែតម្រូវទិសដៅធ្វើដំណើររបស់វាចំនួន ០៦លើក ក៏ត្រូវបានគេរៀបចំនឹងធ្វើឡើងផងដែរ ដោយក្នុង ០២លើកដំបូងក្នុងចំណោមនោះ នឹងនៅថ្ងៃទី១៥ ខែឧសភាម្តង នឹងនៅថ្ងៃទី២៨ ខែកក្កដាម្តង។
InSight ពុំមែនជាយានរុករកតែមួយគ្រឿងគត់ ដែលកំពុងធ្វើដំណើរទៅកាន់ Mars នោះឡើយ ដោយផ្កាយរណបខ្នាតតូចពីរគ្រឿង ដែលមានឈ្មោះរួមថា Mars Cube One (MarCO) ក៏កំពុងធ្វើដំណើរជាមួយវា ឆ្ពោះទៅកាន់ទីនោះផងដែរ ហើយក្រោយពេលទៅដល់ MarCo នឹងចាប់ផ្តើមធ្វើការទាក់ទងជាមួយផែនដី។ នេះជាបេសកកម្មធំបំផុតរបស់របស់ NASA និងដៃគូសហការដោយត្រូវបានចំណាយថវិកា ៨២៨.៨លានដុល្លារ៕