(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត កាវូសូគ្លូ (Mevlut Cavusoglu) បានព្រមានសហរដ្ឋអាមេរិកថា តួកគីនឹងចាត់វិធានការឆ្លើយតបបើសិនជាទីក្រុងវ៉ាស៊ីនតោន ផ្ដល់សច្ចារប័នលើច្បាប់ ដែលមានគោលបំណងលុបចោលការលក់អាវុធឱ្យតួកគី ដែលត្រូវបានគេមើលឃើញថា ទីក្រុងវ៉ាស៊ីនតោនចង់ព្រមានតួកគី ដោយសារតែប្រទេសនេះហ៊ានទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
លោក Cavusoglu ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNN ភាសាតួកគី កាលពីថ្ងៃអាទិត្យ ដោយចង់សំដៅទៅលើគំរោងលុបចោល ការលក់យន្ដហោះចម្បាំង F-35 ឱ្យតួកគី។ ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រីការបរទេសតួកគីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាសហរដ្ឋអាមេរិក ចាត់វិធានការសំដៅរារាំងដល់ការដឹកជញ្ជូន ឬការហាមឃាត់ទិដ្ឋការលើពួកយើង នោះតួកគីនឹងចាត់វិធានការឆ្លើយតបវិញភ្លាមៗ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Cavusoglu កើតមានឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមតំណាងរាស្ត្រអាមេរិកចេញផ្សាយ នូវសេចក្ដីលម្អិតមួយលើច្បាប់ថវិកាការពារជាតិប្រចាំឆ្នាំ ៧១៧ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងគំរោងលុបចោល ការលក់អាវុធឱ្យតួកគីផងដែរ។ តួកគី មានគំរោងទិញយន្ដហោះចម្បាំងអាមេរិកច្រើនជាង F-35 ១០០គ្រឿង ខណៈកំពុងចរចាទិញប្រព័ន្ធមីស៊ីលទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែសហរដ្ឋអាមេរិក បានសម្ដែងការមិនពេញចិត្តជាខ្លាំងចំពោះតួកគី ដែលបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី៕