(កាប៊ុល)៖ កងកម្លាំងអាហ្វហ្កានីស្ថាន ដោយមានការគំាទ្រពីសំណាក់ការវាយប្រហារតាមផ្លូវអាកាស បានវាយយកស្រុកមួយនៃភាគ ខាងជើង ខេត្ត Badakhshan ត្រឡប់មកវិញ បន្ទាប់ពីត្រូវក្រុមឧទា្ទមតាលីបង់គ្រប់គ្រងកាលពីសប្ដាហ៍មុន ខណៈការវាយប្រយុទ្ធគ្នា នៅតែបន្តកើតមាននៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែឧសភា ឆ្នាំ២០១៨។
បើតាមអ្នកនំាពាក្យកងកម្លាំងអាហ្វហ្កានីស្ថាន លោក Sanaullah Rohani ស្រុក Kohistan ដែលត្រូវបានក្រុមតាលីបង់ គ្រប់គ្រង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ត្រូវបានកងកម្លាំងអាហ្វហ្កានីស្ថាន វាយដណ្ដើមយកមកវិញហើយក្រោមការគាំទ្រពីការវាយប្រហារ តាមផ្លូវអាកាសកាលពីថ្ងៃសៅរ៍។ មិនតែប៉ុណ្ណោះ ក្រុមអ្នកប្រយុទ្ធតាលីបង់មួយចំនួន ក៏បានដកថយចេញពីស្រុក Teshkan ផងដែរ។
«ក្រុមតាលីបង់បានទទួលរងការបាត់បង់យ៉ាងសម្បើម ប៉ុន្តែមិនទាន់មានព័ត៌មានបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់នៅឡើយទេ ដោយសារតែតំបន់នេះនៅដាច់ស្រយ៉ាល និងមានប្រព័ន្ធទូរគមនាគម៍ខ្សោយ»។ នេះគឺជាការគូសបញ្ជាក់របស់លោក Rohani៕