​(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីជំនិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានជួលក្រុមហ៊ុនស៊ើបការសំងាត់ឯកជន អ៊ីស្រាអែលមួយឱ្យតាមស៊ើប និងប្រមូលព័ត៌មានមិនល្អនៃមន្ត្រីអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ដែលបាន ចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់។ នេះបើតាម The Guardian ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៦ ខែឧសភា ឆ្នាំ២០១៨។

កាសែត The Guardian ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថាមនុស្សជំនិតរបស់លោក ត្រាំ បានជួលទីភ្នាក់ស៊ើបការ សំងាត់ឯកជនអ៊ីស្រាអែលមួយ កាលពីខែឧសភា ឆ្នាំ២០១៧ ឱ្យតាមស្វែងរកព័ត៌មានមិនល្អ និងឯកជន នៃក្រុមមន្ត្រីក្រោមរដ្ឋបាល អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ មន្ត្រីទាំងនោះ មានដូចជា អនុទីប្រឹក្សាសន្តិសុខជាតិអាមេរិកសម្រាប់យុទ្ធសាស្ត្រទំនាក់ទំនង លោក Ben Rhodes និងអនុទីប្រឹក្សាសន្តិសុខជាតិអាមេរិកសម្រាប់យុទ្ធសាស្ត្រទំនាក់ទំនង របស់អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden គឺលោក Colin Kahl ក្នុងចេតនាបំផ្លាញកិច្ចព្រមពៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

បន្ថែមពីលើនេះ បើតាមកាសែតអង់គ្លេសដដែល ទីភ្នាក់ងារស៊ើបការសំងាត់អ៊ីស្រាអែលនេះបានព្យាយាមស្វែងរក និងប្រមួលព័ត៌មាន ពាក់ព័ន្ធនឹងការងារនយោយបាយ ព្រមទាំងព័ត៌មានឯកជនជាច្រើនផងដែរ របស់លោក Rhodes និងលោក Kahl ដើម្បីដឹងថាតើអ្នក ទាំងពីរបានទទួលផលប្រយោជន៍អ្វីខ្លះពីកិច្ចព្រមព្រៀងនេះ។ ក៏ប៉ុន្តែ ប្រភពព័ត៌មានដែល The Guardian ទទួលបានមិនបាន បញ្ជាក់លម្អិតឡើយថាតើទីភ្នាក់ងារស៊ើបការសំងាត់នោះ ប្រមូលបានព័ត៌មានលម្អិតអ្វីខ្លះនោះទេ។

គួររំលឹកថា កាលពីឆ្នាំ២០១៥ សហរដ្ឋអាមេរិក បារាំង ចិន អង់គ្លេស រុស្ស៊ី និងអាល្លឺម៉ង់ បានឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ ជាថ្នូរនឹងការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ ជាមួយនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែ នៅថ្ងៃទី១២ ខែឧសភានេះ លោក ដូណាល់ ត្រាំ នឹងធ្វើការសម្រេចចិត្តមួយថាត្រូវរក្សា ឬក៏បោះបង់កិច្ចព្រមព្រៀងនេះចោល៕