(សេអ៊ូល)៖ អតីតភិបាលទីក្រុងញូយ៉ក លោក Rudy Giuliani បាននិយាយថា ពលរដ្ឋអាមេរិកកាំងបីនាក់ ដែលកំពុងជាប់ឃុំនៅ កូរ៉េខាងជើង អាចនឹងត្រូវបានដោះលែង នៅប៉ុន្មានថ្ងៃខាងមុខ ហើយលោកថ្លែងបែបនេះជាការកែតម្រូវការលើកឡើងពីមុនរបស់ លោកដែលថាអ្នកទាំងបី នឹងត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៦ ខែឧសភា ឆ្នាំ២០១៨។

កាលពីប៉ុន្មានថ្ងៃមុន លោក Giuliani បានលើកឡើងនៅក្នុងកិច្ចសម្ភាន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News ថាកូរ៉េខាងជើងអាចនឹង ដោះលែងពលរដ្ឋអាមេរិកទាំងបីរូប នៅថ្ងៃព្រហស្បត៍ សប្ដាហ៍នេះ។ ប៉ុន្តែ ថ្លែងនៅក្នុងសុន្ទរកថាមួយក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃ សៅរ៍ (ម៉ោងសហរដ្ឋអាមេរិក) អតីតអភិបាលទីក្រុងញូយ៉ករូបនេះ បានកែតម្រូវការកត់សម្គាល់របស់ខ្លួនឡើងវិញ ដោយបញ្ជាក់ ដូច្នេះថា​​៖«នេះគឺជាឱកាសដ៏ល្អដែលចំណាប់ខ្មាំងទាំងបីនាក់ នៅកូរ៉េខាងជើង នឹងត្រូវបានដោះលែងនៅប៉ុន្មានថ្ងៃខាងមុខទៀត នេះ»

គួរបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងបីនាក់ ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើង មានដូចជាលោក Kim Hak-song, លោក Tony Kim និងលោក Kim Dong-chul។ អ្នកទាំងបីត្រូវបានអាជ្ញាធរទីក្រុងព្យុងយ៉ាង ចាប់ឃុំខ្លួនពីបទចារកម្ម និងការធ្វើសកម្មភាពប្រឆាំងនឹង រដ្ឋអំណាច។

តែយ៉ាងនេះក្ដី កាលពីប៉ុន្មានថ្ងៃមុន សកម្មជនកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថាអ្នកទាំងបីត្រូវបានកូរ៉េខាងជើង ផ្ទេរពីពន្ធនាគារទៅកាន់ សណ្ឋាគារមួយកន្លែង ក្បែរទីក្រុងព្យុងយ៉ាង។​ ចំណែកឯ ក្រុមអ្នកជំនាញវិញ ក៏រំពឹងដែរថាពលរដ្ឋអាមេរិកទាំងបីនាក់នឹងត្រូវបាន ដោះលែងនៅមុនជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលនឹងត្រូវប្រព្រឹត្តទៅក្រោយជំនួបរវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង ​លោក មូន ជែអ៊ីន នៅថ្ងៃទី២២ ខែឧសភានេះ៕