(ញួយ៉ក)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ខ្លួននឹងបញ្ចប់កម្មវិធីការពារបណ្ដោះអាសន្នសម្រាប់ ជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក ពីប្រទេសហង់ឌូរ៉ាស់ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ហើយដែលនេះនឹងធ្វើឱ្យប្រជាជន ហង់ឌូរ៉ាស់ ៥៧,០០០នាក់ ប្រឈមមុខនឹងការបណ្ដេញចេញពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងសប្ដាហ៍នេះ។
នេះគឺជាការសម្រេចចិត្តចុងក្រោយបំផុតរបស់លោក ដូណាល់ ត្រាំ ក្នុងការបិទកម្មវិធីការពារបណ្ដោះអាសន្ន (TPS) ដែលធានាការ ពារជនអន្តោប្រវេសន៍ រងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ ឬអំពើហិង្សានៃជម្លោះថាពួកគេនឹងមិនត្រូវបញ្ជូនត្រឡប់ទៅ ប្រទេសកំណើតរបស់ពួកគេវិញ។ ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលហង់ឌូរ៉ាស់ បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការសម្រេចចិត្តនេះ ។ «យើងពិតជាមានការសោកស្ដាយជាទីបំផុត...ដ្បិតគ្រួសារទាំងនេះបានរស់នៅក្នុងសហរដ្ឋអាមេរិក អស់រយៈពេល២០ឆ្នាំមកហើយ ដូច្នេះ វានឹងក្លាយជារឿងដ៏លំបាកសម្រាប់ពួកគេ បើសិនជាពួកគេត្រឡប់ទៅប្រទេសកំណើតវិញ»។ នេះបើតាម លោក Marlon Tabora អគ្គរដ្ឋទូតហង់ឌូរ៉ាស់ ប្រចាំសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា កាលពីខែមករា កន្លងទៅ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ចប់កម្មវិធី TPS សម្រាប់ជនអន្តោប្រវេស្ដន៍ អែល សាវ៉ាឌ័រ ២០០,០០០នាក់ ដែលបានរស់នៅក្នុងសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០០១មក ខណៈកម្មវិធី នេះនឹងត្រូវផុតសុពលភាពនៅឆ្នាំ២០១៩។ លើសពីនេះទៅទៀត រដ្ឋបាលលោកត្រាំ ក៏ទើបតែបញ្ចប់កម្មវិធីនេះ សម្រាប់នេប៉ាល់ នាពេលថ្មីៗ ផងដែរ៕