(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឱ្យដឹងថា លោកនឹងត្រូវជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ ស្ដីពីបញ្ហានៅក្នុងតំបន់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែឧសភា ឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចរបស់លោក Netanyahu កើតមានឡើងនៅចំពេលដែលអ៊ីស្រាអែលកំពុងបញ្ចុះបញ្ចូលឱ្យសហរដ្ឋអាមេរិក រួមទាំង បណ្ដាមហាអំណាចដទៃទៀត បោះបង់ចោល ឬកែប្រែឡើងវិញនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥។ ព្រមពេលជាមួយគ្នា អ៊ីស្រាអែលក៏កំពុងមានភាពតានតឹងជាមួយរុស្ស៊ីផងដែរ ពាក់ព័ន្ធនឹងវត្តមានរបស់អ៊ីរ៉ង់នៅស៊ីរី ជាទីដែល យន្ដហោះចម្បាំងអ៊ីស្រាអែលតែងតែឆ្មក់វាយប្រហារលើមូលដ្ឋានក្រុមហេសប៊ូលឡា និងក្រុមអ្នកប្រយុទ្ធអ៊ីរ៉ង់។ ទីក្រុងម៉ូស្គូបានបើក ភ្នែកមួយចំហៀង បិទមួយចំហៀងចំពោះការវាយប្រហារលើសម្ព័ន្ធមិត្តទាំងពីរនេះរបស់ខ្លួន នារយៈពេលប៉ុន្មានឆ្នាំមកនេះ។
ប៉ុន្តែរុស្ស៊ីបានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃទី០៩ ខែមេសា ដែល បណ្ដាលឱ្យទាហានអ៊ីរ៉ង់០៧នាក់បាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ រុស្ស៊ីថែមទាំងក្រើនរំលឹកទីក្រុងតែលអាវីល ពីព្រំដែនកំណត់នៃការ អត់ធ្មត់របស់ខ្លួនទៀតផង។ ដូច្នេះហើយ គេរំពឹងថាលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងលើកយកសំណុំរឿងស៊ីរី និងវត្តមានយោធា អ៊ីរ៉ង់ រួមទាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ទៅពិភាក្សានៅក្នុងជំនួបជាមួយលោកពូទីន នៅថ្ងៃពុធសប្ដាហ៍នេះ។
គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែឧសភានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងសម្រេចថាត្រូវទុក ឬមិនទុកកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈរុស្ស៊ីបានអះអាងជាមុនថា រាល់ការកែប្រែលក្ខខណ្ឌទាំងឡាយ នៃកិច្ចព្រមព្រៀងនេះគឺជារឿងមិនអាចទទួល យកបាន៕