(ប៉ារីស)៖ ក្រសួងការបរទេសបារាំង បានថ្កោលទោសយ៉ាងខ្លាំងលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការអះអាងថា បារាំងអាចបញ្ជៀសការវាយប្រហារភេរវកម្មក្នុងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ បើសិនជាប្រទេសមួយនេះអនុញាតឱ្យប្រជាជនរបស់ ខ្លួនប្រើប្រាស់កាំភ្លើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី០៦ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃសៅរ៍ (ម៉ោងនៅទីក្រុងប៉ារីស) ក្រសួងការបរទេសបារាំង បានគូសបញ្ជាក់ ដូច្នេះថា៖ «បារាំងសម្ដែងការជំទាស់យ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក...ហើយស្នើឱ្យលោកមានការ គោរពលើជនរងគ្រោះដែលបានបាត់បង់ជីវិត។ បារាំងមានមោទនភាពបានក្លាយជាប្រទេសមួយដែលការទិញ និងការប្រើប្រាស់ កំាភ្លើងត្រូវបានរឹតត្បិតដោយច្បាប់»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ដោយចង់បង្ហាញពីការគាំទ្រលើការប្រើប្រាស់កាំភ្លើង នៅក្នុងសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកយកការវាយប្រហារភេរវកម្មរបស់ពួក ISIS ក្នុងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ ដែលបានផ្ដាច់យកជីវិតមនុស្ស១៣០នាក់ មកធ្វើជាឧទាហរណ៍ថា បើសិនជាប្រជាជនបារាំងមានសិទ្ធិប្រើប្រាស់កាំភ្លើងដូចប្រជាជនអាមេរិក នោះការវាយប្រហាររបៀបនេះនឹង មិនកើតឡើងឡើយ៕
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទមួយក្នុងទីក្រុង Dallas កាលពីថ្ងៃសៅរ៍ ក្នុងបរិបទដែលគេគ្រប់គ្នាសុទ្ធតែដឹង ថាប្រជាជនអាមេរិករាប់ពាន់នាក់ ស្លាប់ដោយសារគ្រាប់កាំភ្លើងក្នុងមួយឆ្នំាៗ៕