(ម៉ូស្គូ)៖ មេដឹកនាំគណបក្សប្រឆាំង លោក Alexei Navalny ត្រូវបានប៉ូលិសបង្ក្រាបបាតុកម្មរុស្ស៊ីចាប់ខ្លួន នៅអំឡុងពេលលោក ដឹកនាំការធ្វើបាតុកម្មតវ៉ាក្នុងទីក្រុងម៉ូស្គូ តែពីរថ្ងៃប៉ុណ្ណោះមុននឹងលោក វ្ល៉ាឌីមៀ ពូទីន ចូលស្បថកាន់ដំណែងជាប្រធានាធិបតីរុស្ស៊ី ជាផ្លូវការក្នុងអណត្តិទី០៤ របស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៦ ខែឧសភា ឆ្នាំ២០១៨។
ប៉ូលិសរុស្ស៊ី បាននាំខ្លួនលោក Alexei Navalny ចេញពីហ្វូងមនុស្សដែលកំពុងនាំគ្នាធ្វើបាតុកម្មតវ៉ា នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ ប៉ុន្តែ បាតុកម្មតវ៉ានេះមិនត្រូវបានអនុញ្ញាតដោយអាជ្ញាធរុស្ស៊ីឡើយ រីឯក្រុមបាតុករជាង ១,៦០០នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរនៅទូទាំង ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលពួកគេធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលោក ពូទីន។ លោក Navalny បានអំពាវនាវឱ្យក្រុមអ្នកគាំទ្រចូលរួម ក្នុងបាតុកម្មតវ៉ានៅតាមទីក្រុងចំនួន៩០ និងតំបន់ជាច្រើននៅទូទាំងរុស្ស៊ី ដើម្បីប្រឆាំងនឹងអ្វីដែលលោកផ្ទាល់ហៅថា «របបផ្ដាច់ការ របស់លោក ពូទីន ដូចទៅនឹងអតីតស្ដេចត្សាររុស្ស៊ី»។ «តើទីក្រុងនេះគឺជារបស់លោក ពូទីន តើត្រឹមត្រូវដែរឬទេ? តើអ្នកទាំងអស់គ្នា ត្រូវការឱ្យស្ដេចត្សារត្រឡប់មកវិញមែនទេ? យើងទំាងអស់គ្នាមិនចង់ទេ!»។ នេះគឺជាការថ្លែងសារដ៏ខ្លីមួយរបស់លោក Navalny មុននឹងត្រូវ ប៉ូលិសចាប់ខ្លួន។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក Alexei Navalny ត្រូវបានអាជ្ញាធរដោះលែងវិញហើយ នៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទរៀបចំការតវ៉ាដោយខុសច្បាប់ប្រឆាំងនឹងរដ្ឋអំណាច៕