(សេអ៊ូល)៖ កងកម្លាំងប៉ូលិសនៃប្រទេសកូរ៉េខាងត្បូង បានចូលទៅឃាត់ទាន់ពេលវេលាចំពោះក្រុមសកម្មជនប្រឆាំងមួយក្រុម ដែលកំពុងរៀបចំបង្ហោះបាឡុងផ្ទុកទៅដោយខិតប័ណ្ណរិះគន់ និងតិះដៀលរបបដឹកនាំកូរ៉េខាងជើង ដែលការហាមឃាត់នេះ គឺធ្វើឡើងទៅតាមអ្វីដែលមេដឹកនាំកូរ៉េទាំងពីរ គឺលោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានព្រមព្រៀងគ្នាក្នុងជំនួបជាប្រវត្តិសាស្ត្រ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅទឹកដីព្រំដែនកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញ AFP នាល្ងាចថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
នៅថ្ងៃសៅរ៍នេះក្រុមសកម្មជនដែលមានគ្នាជាង ២០នាក់ ដោយក្នុងនោះរួមមានទាំងប្រជាជនកូរ៉េខាងជើង ដែលបានរត់ភៀសខ្លួនចូលមកកាន់កូរ៉េខាងត្បូងផងដែរ បានប្រមូលផ្តុំគ្នានៅតំបន់ព្រំដែនកូរ៉េខាងត្បូង នៃទីក្រុង Paju និងបានត្រៀមបង្ហោះបាឡុងស្តុកខិតប័ណ្ណទៅហើយ ប៉ុន្តែប៉ូលិសប្រមាណ ៣០០នាក់ ត្រូវបានអាជ្ញាធរដាក់ពង្រាយ និងហាមឃាត់ទង្វើបំពានកិច្ចព្រៀមព្រៀងនេះតែម្តង។
គួរបញ្ជាក់ថា នាដើមសប្តាហ៍កន្លងទៅនេះ ក៏មានការដកឧបករណ៍បំពងសំឡេងទាំងខាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដើម្បីស្របទៅតាមកិច្ចព្រមព្រៀង ធ្វើឲ្យទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរប្រសើរឡើងវិញផងដែរ។ បន្ថែមពីនេះទៀត លោក មូន ជែអ៊ីន ក៏នឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដូចដែលលោកបានសន្យាចំពោះលោក គីម ជុងអ៊ុន នៅពេលវេលាសមស្របណាមួយ ប៉ុន្តែវាប្រហែលជាត្រូវរង់ចាំដល់ជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក សម្រេចបានលទ្ធផលជាមុនសិន៕