(ម៉ានីល)៖ យោងតាមវិទ្យាស្ថានជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី ហៅកាត់ថា AMRO ហ្វីលីពីននៅតែបន្តជាប្រទេសឈានមុខគេ ក្នុងការរក្សាសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងរឹងមាំនៅក្នុងតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
វិទ្យាស្ថាន AMRO ដែលជាអង្គការស្រាវជ្រាវគោលនយោបាយគួរឲ្យទុកចិត្តនៅក្នុងតំបន់អាស៊ានបូកបីបានរាយការណ៍ថា សេដ្ឋកិច្ចប្រទេសហ្វីលីពីន នៅតែបន្តមានភាពរឹងមាំ ហើយត្រូវគេរំពឹងថា នឹងមានការកើនឡើងក្នុងអត្រា ៦.៨ភាគរយ នៅឆ្នាំ២០១៨ និងក្នុងអត្រា ៦.៩ភាគរយ នៅឆ្នាំ២០១៩ថែមទៀតផង ខណៈនេះគឺដោយសារតែភាពជោគជ័យ នៅក្នុងវិស័យនាំចេញផលិតផល របស់ប្រទេសអាស៊ានមួយនេះ រួមផ្សំជាមួយភាពប្រសើរឡើង នៃការអនុវត្តន៍កញ្ចប់ថវិកាជាតិរបស់រដ្ឋាភិបាលហ្វីលីពីន។
គួរជម្រាបថា តំបន់អាស៊ានបូកបី រួមមាននូវប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បូកចិន ជប៉ុន និងកូរ៉េខាងត្បូង។ សមាជិកអាស៊ានរួមមាន កម្ពុជា ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន