(ហ្វីលីពីន)៖ គ្រោះរញ្ជួយផែនដីកម្រិត ៦.១រ៉ិចទ័រ នាថ្ងៃសៅរ៍នេះបានវាយប្រហារកក្រើកប្រជុំកោះ នៅដែនសមុទ្រភាគខាងជើងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
គួរជម្រាបថា ភ្លាមៗបែបនេះពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនានានៅឡើយទេ ក្រោយគ្រោះធម្មជាតិខាងលើ ដែលបានវាយលុកក្នុងជម្រៅ ៣០គីឡូម៉ែត្រ ពីក្រោមបាតសមុទ្រ នៅចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រ ភាគឦសានក្រុង ផានដាន (Pandan) នៃកោះ កាតាន់ឌួណែស (Catanduanes) ហើយពុំមានការចេញសារប្រកាសអាសន្នពីរលកយក្សស៊ូណាមិនោះទេ៕