(នូវែលសេឡង់)៖ អ្នកចិញ្ចឹមគោយកទឹកដោះម្នាក់ បានភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំងនាសប្តាហ៍នេះ ក្រោយពីបានប្រទះឃើញរណ្តៅយក្សមួយ ដែលវែងប្រវែងប៉ុនតារាងបាល់ពីរបញ្ជូលគ្នា ហើយមានជម្រៅស្មើនឹងអគារ ០៦ជាន់ ដោយប្រហោងមរណៈនោះ ត្រូវបានបង្កើតឡើងនៅទីវាលកសិដ្ឋានមួយកន្លែង ក្នុងក្រុង Rotorua នៅលើកោះភាគខាងជើងប្រទេសនូវែលសេឡង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
កសិករនូវែលសេឡង់ម្នាក់ត្រូវគេរាយការណ៍ថា បានរកឃើញរណ្តៅយក្សខាងលើ នាវេលាព្រលឹមស្រាងៗ នៅពេលដែលខ្លួនកំពុងធ្វើការកៀរគរហ្វូងសត្វគោឲ្យទៅចូលរោងដើម្បីច្របាច់យកទឹកដោះ។ លោក Colin Tremain ដែលជាម្ចាស់កសិដ្ឋានខាងលើបានឲ្យដឹងថា លោកពីដំបូងពុំបានចាប់អារម្មណ៍នោះឡើយថា រណ្តៅនោះវាធំមហិមាប៉ុណ្ណោះនោះឡើយ រហូតទាល់តែលោកឃើញវានៅពេលថ្ងៃរះ។
ជុំវិញរឿងគួរឲ្យភ្ញាក់ផ្អើលនេះ អ្នកស្រាវជ្រាវផ្នែកភ្នំភ្លើងលោក Brad Scott បានបញ្ជាក់ថា ប្រហោងក្រោមដីនេះ ប្រហែលជាបានចំណាយពេលរាប់ទសវត្សរ៍មកហើយ ដើម្បីសំងំលាក់ខ្លួន រួចទើបបានបង្កើតចេញឡើង។ លោក Scott បានលើកឡើងថា រណ្តៅយក្សនេះ ច្បាស់ជាបានបង្ហាញខ្លួនដោយសារតែការធ្លាក់ភ្លៀងក្នុងអំឡុងពេលអាចចាប់ពី ៤០, ៥០ ទៅ ១០០ឆ្នាំចុងក្រោយនេះ ហើយការធ្លាក់ភ្លៀងយ៉ាងជោគជាំនៅទីនោះនាពេលថ្មីៗនេះ គឺគ្រាន់តែពន្លឿនបន្ថែមនូវការវិត្តន៍របស់វាតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ប្រទេសនូវែលសេឡង់ ក៏ស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ នៃខ្សែក្រវ៉ាត់ភ្លើងរបស់មហាសាគរប៉ាស៊ីហ្វីកផងដែរ ដោយសណ្ឋានដីបែបនេះ គឺងាយស្រួលនឹងរងគ្រោះដោយសាររញ្ជួយដី ពីកម្រិតស្រាលទៅខ្លាំង និងបង្កជាការបាក់ដី ឬប្រេះដីដូចជាពេលនេះ។ ខិតទៅខាងលើតំបន់ប៉ាស៊ីហ្វិកនេះ គឺកោះហាវ៉ៃសហរដ្ឋអាមេរិក ក៏បានទទួលរងគ្រោះរញ្ជួយដីផងដែរ នៅព្រឹកព្រហាមថ្ងៃសៅរ៍នេះ ដែលបានបង្កជាបន្ទុះភ្នំភ្លើងយ៉ាងខ្លាំងក្លា៕