(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កំពុងត្រៀមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធ្វើការជជែកពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលនឹងកើតឡើងមួយរយៈខ្លីទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង (Blue House) ក្រោមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ លោក មូន ជែអ៊ីន នឹងធ្វើដំណើរទៅកាន់វ៉ាស៊ីនតោន នៅថ្ងៃទី២២ ខែឧសភា ពោលគឺមុនការកើតមានឡើងនៃកិច្ចជំនួបកំពូលមិនធ្លាប់មាន លើកទីមួយរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅចុងខែឧសភា ឬដើមខែមិថុនា។
គួរជម្រាបថា កិច្ចជួបពិភាក្សារវាងលោក មូន និងលោក ត្រាំ នឹងផ្តោតសំខាន់ទៅលើមធ្យោបាយ ដើម្បីធ្វើការរៀបចំប្រកបដោយជោគជ័យ សម្រាប់កិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក។ កិច្ចប្រជុំរវាងលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម នឹងធ្វើឡើង ក្រោយពីកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទីបី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែមេសា នៅឯតំបន់ព្រំដែនកូរ៉េភូមិ Panmunjom៕