(បែលហ្សិក)៖ សារមន្ទីរ DIVA ដែលកន្លែងត្រូវបានគេបង្កើតឡើងក្រោមគំនិត នៃការតាំងបង្ហាញអំពីរឿងរ៉ាវ នៅពីក្រោយត្បូងពេជ្រដ៏ស្រស់ស្អាតបំផុតមួយចំនួនរបស់ពិភពលោកនេះ នាចុងសប្តាហ៍នេះ បានបើកទ្វារទទួលស្វាគមន៍ភ្ញៀវ មកពីគ្រប់ទិសទីជុំវិញពិភពលោកនៅឯទីក្រុង អាន់ធ្វើប (Antwerp) ភាគខាងជើងប្រទេសបែលហ្សិក ដែលវាមានរហស្សនាមថា ជាទីក្រុងពេជ្យដ៏អស្ចារ្យជាងគេបង្អស់លើផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Associated Press (AP) នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
ទីក្រុង Antwerp មានកេរ្តិ៍ឈ្មោះល្បីរន្ទឺសុះសាយ ក្នុងនាមជាកន្លែងកំណើត និងប្រមូលផ្តុំនៃជាងប្រាក់ ឈ្មួញគ្រឿងអលង្ការ និងឈ្មួញពេជ្យ ចាប់តាំងតែពីសតវត្សរ៍ទី ០៦ មកម្ល៉េះ ហើយសារមន្ទីរថ្មីដែលមានទំហំ ៨៥០ម៉ែត្រការ៉េនេះ នឹងធ្វើការតាំងបង្ហាញថា តើខណៈដែលពេលវេលាបានកន្លងផុតទៅអស់ជាយូរបែបនេះ បច្ចេកទេសអ្វីខ្លះ ត្រូវបានប្រើប្រាស់នៅក្នុងតំបន់ ដើម្បីធ្វើការកែច្នៃក៏ដូចជាលម្អលោហៈ និងត្បូងពេជ្រដ៏មានតម្លៃទាំងនេះ?
គួរជម្រាបថា សារមន្ទីរខាងលើ ត្រូវបានបែងចែកជា ០៦បន្ទប់ ដែលបន្ទប់នីមួយៗ អ្នកទស្សនាអាចដើរមើលកម្រងវត្ថុប្លែកៗគួរឲ្យចាប់អារម្មណ៍ជាច្រើន រួមតាំងពីស្បែកជើងដាំពេជ្យ, ស្វែងយល់អំពីសិល្បៈ នៃការកាត់ត្បូងពេជ្រ, ទទួលការពន្យល់បកស្រាយអំពើការជួញដូរត្បូងពេជ្រអន្តរជាតិ ឬក៏សិក្សាពីឧក្រិដ្ឋកម្មត្បូងពេជ្រ និងអំពីអ្វីដែលកំពុងត្រូវអនុវត្តន៍ ដើម្បីដោះស្រាយបញ្ហានេះ ជាដើម៕