(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកបានប្រកាសរួចហើយ អំពីគំរោងថ្មីៗនានារបស់ខ្លួន នៅក្នុងនោះមានទាំងការដាក់ពង្រាយកងនាវាទី ២ (Second Navy Fleet) នៅតំបន់មហាសមុទ្រអាត្លង់ទិកភាគខាងជើងឡើងវិញ ខណៈដែលមានការព្រួយបារម្ភកន្លងមកថា ឥទ្ធិពលរុស្ស៊ីនៅតំបន់នោះ កាន់តែកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
ឧត្តមនាវីឯកអាមេរិក បានថ្លែងនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង ណ័រហ្វូក (Norfolk) នៃរដ្ឋវ៉ឺជីនៀ (Virgina) ភាគខាងកើតសហរដ្ឋអាមេរិក (ជាប់មហាសមុទ្រអាត្លង់ទិកខាងជើង) យ៉ាងដូច្នេះថា «បរិស្ថានសន្តិសុខបានបន្តរីកចំរើនទៅមុខ កាន់តែពោពេញដោយការប្រកួតប្រជែង ហើយថែមទាំងស្មុគស្មាញទៀត។ ដូច្នេះហើយបានជាថ្ងៃនេះ យើងត្រូវបង្កើតកងនាវាទី ២ ឡើងវិញម្តងទៀត ដើម្បីទប់ទល់ទៅនឹងការប្រកួតប្រជែងទាំងនោះ ជាពិសេសគឺនៅតំបន់អាត្លង់ទិកខាងជើងផ្ទាល់តែម្តង។»
គួរបញ្ជាក់ថា បើតាមផែនការខាងលើនេះ កងនាវាទី ២ ដែលមានទាំងនាវាចម្បាំង កងទ័ពជើងទឹក និងនាវាមុជទឹក ព្រមទាំងសព្វាវុធជាច្រើនប្រភេទទៀត នឹងត្រូវចាប់ផ្តើមធ្វើប្រតិបត្តិការឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះតទៅ។ កងនាវាទី ២ នេះគឺកន្លងមកមានតែក្នុងក្រដាសនោះទេ ប៉ុន្តែវាមិនដែលបញ្ចេញសកម្មភាពនោះឡើយ គិតចាប់តាំងពីឆ្នាំ២០១១។
ការគិតគូរត្រូវបានចាប់ផ្តើម តាំងពីជម្លោះនៃការដណ្តើមតំបន់គ្រីមា ដោយរុស្ស៊ីពីអ៊ុយក្រែនកាលពីខែមីនា ឆ្នាំ២០១៤ ដោយតំបន់ទាំងនេះមានការប្រែប្រួលខ្លាំងផ្នែកយុទ្ធសាស្ត្រយោធាថ្នាក់តំបន់ ដោយសារតែការបង្កើនឥទ្ធិពលរុស្ស៊ី, ទំនាក់ទំនងរវាងរុស្ស៊ី-អឺរ៉ុបប្រេះស្រាំ និងទំនាក់ទំនងរុស្ស៊ីអាមេរិក កាន់តែអាក្រក់ព្រមគ្នា៕