(អាមេរិក)៖ ប្រធានាធិបតីអាមេរិកបានបញ្ជាក់សាជាថ្មី អំពីការគាំទ្រយ៉ាងក្លៀវក្លារបស់លោក ចំពោះសិទ្ធិនៃការកាន់កាប់កាំភ្លើងរបស់ប្រជាពលរដ្ឋអាមេរិក ទោះបីជាប្រទេសមួយនេះធ្លាប់ជួបប្រទះសោកនាដកម្ម ស្លាប់ជីវិតមនុស្សរង្គាលអស់ជាច្រើនលើកច្រើនសា ដែលបង្កឡើងដោយកាំភ្លើងយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងក្នុងជំនួបប្រចាំឆ្នាំ នៃសមាគមអ្នកការពារការកាន់អាវុធអាមេរិក (NRA) នៅឯមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុង ដលឡាស់ (Dallas) នៃរដ្ឋតិចសាស់ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «សិទ្ធិនៃការកាន់កាប់អាវុធរបស់អ្នកទាំងអស់ ដែលជាសិទ្ធិមូលដ្ឋានទីពីរនៅក្នុងរដ្ឋធម្មនុញ្ញអាមេរិក ធ្លាប់ស្ថិតក្រោមការវាយប្រហារ ប៉ុន្តែសិទ្ធិនេះនឹងពុំត្រូវទទួលការយាយីទៀតជាដាច់ខាត ដរាបណាខ្ញុំនៅតែជាប្រធានាធិបតីរបស់អ្នក»។
ដើម្បីគាំទ្រទស្សនរបស់ខ្លួន លោក ត្រាំ បានលើកឡើងពីករណីនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ដែលមានការហាមឃាត់ការប្រើប្រាស់កាំភ្លើង ប៉ុន្តែអំពើហិង្សានៅតែបន្តកើតមាន ដោយសារតែឧក្រិដ្ឋជន បានងាកទៅប្រើប្រាស់កាំបិតវិញម្តង។
គួរជម្រាបថា ជុំវិញគោលជំហរនេះ ក្រុមសកម្មជនគាំទ្រការរឹតបន្តឹងការប្រើប្រាស់កាំភ្លើង បានចោទលោក ដូណាល់ ត្រាំ ថា កំពុងឱនក្បាលដាក់សមាគម NRA ជាជាងព្យាយាមរិះរកវិធីដើម្បីដោះស្រាយអំពើហិង្សា បង្កឡើងដោយកាំភ្លើងនៅក្នុងប្រទេស។ ជោគជ័យរបស់លោកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីឆ្នាំ២០១៦ គឺមានការចូលរួមចំណែកយ៉ាងធំធេង ពីក្រុមអ្នកកាន់កាប់កាំភ្លើងនៅអាមេរិក និងគាំទ្ររបស់សមាគមនេះ គឺចាំបាច់ជាខ្លាំងសម្រាប់ក្រុមមន្រ្តីបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ៕