(ឡូសអាន់ជែឡេស)៖ គ្រោះធម្មជាតិរញ្ជួយផែនដី ដែលមានកម្រិតធ្ងន់រហូតដល់ ៦.៩រ៉ិចទ័រ បានវាយប្រហារកោះធំមួយ ស្ថិតនៅក្នុងប្រជុំកោះហាវ៉ៃ នៃសហរដ្ឋអាមេរិក នាកណ្តាលមហាសាគរប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ ដកស្រង់របាយការណ៍ពីទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីខាងលើនេះ វាយប្រហារត្រង់ចំណុចស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រ ពីភាគនិរតីនៃកោះ ឡៃឡានី អ៊ីស្តេតស៍ (Leilani Estates) ដែលជាកោះធំមួយក្នុងប្រជុំកោះនៃរដ្ឋហាវ៉ៃ កាលពីវេលាម៉ោង ១២៖៣២នាទីរសៀលថ្ងៃសុក្រ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ត្រូវនឹងព្រឹកថ្ងៃសៅរ៍នេះ ពេលវេលានៅអាស៊ីខាងកើត។
សម្រាប់ជម្រៅនៃការញ័ររញ្ជួយគឺតែ ០៥គីឡូម៉ែត្រ ប៉ុណ្ណោះពីក្នុងដី។ ទីភ្នាក់ងារ USGS បានបញ្ជាក់នៅក្នុង Twitter របស់ខ្លួនថា «ការរញ្ជួយដីលើកនេះ វាមិនខុសពីការរញ្ជួយដីដ៏មហាប្រល័យកម្រិត ៧.១រ៉ិចទ័រ ដែលបានកើតមានឡើងកាលពីឆ្នាំ១៩៧៥ នោះឡើយ»។ ប្រជាជនកោះហាវ៉ៃ ត្រូវបានគេរាយការណ៍បានចេញពីអគារនានា មករកទីវាលសុវត្ថិភាព បន្ទាប់ពីរំញ័រដ៏ខ្លាំងក្លា ដែលមានរយៈពេលត្រឹមតែ ១៥វិនាទី។
គួរបញ្ជាក់ថា ពុំមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ហើយដោយឡែក ក៏មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ និងការខូចខាតនោះដែរ។ សម្រាប់ភ្នំភ្លើងស្ងប់មួយ ក៏បានបញ្ចេញសកម្មភាពឡើងវិញដែរ តាមរយៈការបញ្ចេញកម្អែល និងផ្សែងយ៉ាងខ្លាំង ដោយសារតែការអង្រួនព្រះធរណីយ៉ាងខ្លាំងក្លានៅលើកោះហាវ៉ៃនោះ។
តាមរយៈរូបភាពដែលថតដោយឧទ្ធម្ភាគចក្រ នៃអាជ្ញាធរកោះហាវ៉ៃ ភ្នំភ្លើងបានបង្ហូរកម្អែលភ្លើងយ៉ាងក្តៅគគុកធ្លាក់មកលើព្រៃឈើ និងទីវាលមួយចំនួន នៅក្នុងតំបន់ភាគខាងត្បូង នៃប្រជុំកោះហាវ៉ៃ ដែលបង្កជាការឆាបឆេះ និងទិដ្ឋភាពជារួមគួរឲ្យព្រឺព្រួចណាស់៕