(ឡូសអាន់ជែឡេស)៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ជែរី ប្រោន (Jerry Brown) បានអំពាវនាវឱ្យមានបង្កើនកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ដោយនិយាយថា ប្រទេសទាំងពីរមានសក្ដានុពលដ៏អស្ចារ្យ ក្នុងនាមជាដៃគូពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
លោក Brown ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងកិច្ចប្រជុំកាលីហ្វ័រញ៉ា-ចិនឆ្នាំ២០១៨ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលជាកិច្ចប្រជុំមួយមានការចូលរួមពីតំណាងរដ្ឋាភិបាល និងសហគ្រាសមកពីចិន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះមានគោលដៅលើកម្ពស់ ពាណិជ្ជកម្មនៃរដ្ឋកាលីហ្វ័រញ៉ា និងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយបណ្ដាខេត្តរបស់ចិន ក្រោមការចុះហត្ថលេខាលើ MoU រវាង លោក Brown និងសមភាគីចិនក្នុងទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៣។
ថ្លែងនាឱកាសនោះដែរ លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ាបានគូសបញ្ជាក់ដូច្នេះថា «យើងទាំងអស់គ្នាបានរៀនសូត្រពីគ្នាទៅវិញទៅមក និងសកលភាវូនីយកម្មនៅទីនេះ»។ លោកបន្ថែមថា សហរដ្ឋអាមេរិក និងចិន គួរតែធ្វើការងាររួមគ្នាដើម្បីលើកកម្ពស់សេដ្ឋកិច្ចសកល បើទោះជាប្រទេសទាំងពីរកំពុងមានភាពតានតឹង ដោយសារតែជម្លោះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនាពេលថ្មីៗនេះក៏ដោយ។ «សង្រ្គាមពាណិជ្ជកម្ម គឺរឿងឆ្កួតឡប់បំផុត»។ នេះជាសម្ដីលោក Jerry Brown។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ពាណិជ្ជកម្មរវាងចិន និងរដ្ឋកាលីហ្វ័រញ៉ាបានកើនដល់ ១៧៥.៦ពាន់លានដុល្លារ ឬកើនឡើង ២០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៣ ដែលមានត្រឹមតែ ១៤៦.៨ពាន់លានដុល្លារ៕