(វ៉ាស៊ីនតោន)៖ ព័ត៌មានមួយចំនួនបានបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិកបានចេញបញ្ជាមួយ ឱ្យមានការរៀបចំសម្លឹកមើលអំពីលទ្ធភាពដែលអាចទៅរួច ក្នុងការកាត់បន្ថយចំនួនកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង ខណៈទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ត្រូវបានគេរាយការណ៍ថា កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
កាសែតអាមេរិក New York Times ផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក ដែលដឹងលឺពីព័ត៌មាននេះបានឱ្យបង្ហើបថា ការកាត់បន្ថយចំនួនកងទ័ពអាមេរិក នឹងមិនក្លាយជារបៀបវារៈសំខាន់ សម្រាប់ជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនៅចុងខែឧសភា ឬនៅដើមខែមិថុនា នោះទេ។
បន្ថែមពីលើនេះ ពួកគេក៏បានបញ្ជាក់ដែរថា បើទោះជាការដកកងទ័ព អាមេរិកទាំងស្រុងទំនងជានឹងមិនកើតឡើងក៏ដោយ តែបើសិនជាមានសន្ធិសញ្ញាសន្តិភាពរវាងសេអ៊ូល និងព្យុងយ៉ាង នោះវាអាចនឹងកាត់បន្ថយភាពចាំបាច់សម្រាប់កងទ័ពអាមេរិកខ្លះៗក្នុងចំណោមទ័ពទាំងអស់ ២៨,៥០០នាក់ ដែលកំពុងឈរជើងនៅលើឧបទ្វីបកូរ៉េ។ តែទោះបីជាយ៉ាងនេះក្ដី មន្ត្រីសន្តិសុខជាតិអាមេរិកម្នាក់បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong ថា ព័ត៌មាននេះគឺជារឿងមិនពិត។
គួររំលឹកថា លោកធ្លាប់បានព្រមានថា កងទ័ពអាមេរិកនឹងត្រូវបានកាត់បន្ថយ បើសិនជាកូរ៉េខាងត្បូងមិនជួយចេញថ្លៃចាយវាយ ឱ្យទីក្រុងវ៉ាស៊ីនតោនទេនោះ។ ដោយឡែក កាលពីថ្ងៃពុធ កូរ៉េខាងត្បូងបានឱ្យដឹងថា បញ្ហាកងទ័ពអាមេរិកឈរជើងនៅកូរ៉េខាងត្បូង មិនមានជាប់ពាក់ព័ន្ធនឹងអនាគត នៃសន្ធិសញ្ញាសន្តិភាពឡើយ ហើយថាកងទ័ពអាមេរិក គួរតែតែបន្តស្ថិតនៅកូរ៉េខាងត្បូង បើទោះជាមានកិច្ច ព្រមព្រៀងសន្តិភាពក៏ដោយ៕