(ម៉ាឡេស៊ី)៖ មេដឹកនាំវ័យចំណាស់របស់គណបក្សប្រឆាំងនៅប្រទេសម៉ាឡេស៊ី គឺលោក មហាធា ម៉ូហាមេដ (Mahathir Mohamad) បានព្រលយពាក្យសម្តីឌឺដងទៅកាន់រដ្ឋាភិបាលកាន់អំណាច ឲ្យប្តឹងចោទប្រកាន់មកលើខ្លួន ក្រោមច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោយពីអាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា ពួកគេកំពុងបើកការស៊ើបអង្កេត ទៅលើលោក Mahathir ជុំវិញការភូតកុហកថា យន្តហោះរបស់លោកត្រូវបានគេលួចបំផ្លាញធ្វើឲ្យខូច នៅមុនការបោះឆ្នោតសាកល ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
បច្ចុប្បន្នប្រទេសម៉ាឡេស៊ី កំពុងស្ថិតក្រោមស្ថានភាពនៃការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតយ៉ាងតានតឹងបំផុត សម្រាប់ការបោះឆ្នោតនៅថ្ងៃទី០៩ ខែឧសភា ដែលនឹងតម្រូវឲ្យនាយករដ្ឋមន្រ្តីកាន់អំណាច លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ប្រកួតប្រជែងជាមួយលោក Mahathir វ័យ ៩២ឆ្នាំ ដែលធ្លាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី។
ក្រុមសកម្មជន និងអ្នករិះគន់បានលើកឡើងថា ច្បាប់ថ្មីស្តីពីព័ត៌មានក្លែងក្លាយនេះ មានគោលដៅគាបសង្កត់លើសេរីភាព នៃការបញ្ចេញយោបល់ និងមតិរិះគន់ចំពោះលោក Najib ដែលកំពុងប្រឈមនឹងរឿងអាស្រូវពុករលួយ ពាក់ព័ន្ធនឹងលុយរាប់រយលានដុល្លារ នៅក្រុមហ៊ុនមូលនិធិរដ្ឋ 1Malaysia Development Barhad ហៅកាត់ថា 1MDB ព្រមទាំងការខឹងសម្បាររបស់មហាជន ជុំវិញការត្រូវចំណាយកាន់ច្រើនឡើងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
គួរជម្រាបថា កាលពីសប្តាហ៍មុន លោក Mahathir បានឲ្យដឹងថា រូបលោកមានការសង្ស័យអំពីករណីលួចធ្វើឲ្យខូចយន្តហោះផ្ទាល់ខ្លួន ដែលត្រូវជូនលោកធ្វើដំណើរពីរដ្ឋធានីគូឡាឡាំពួ ទៅកាន់ប្រជុំកោះ ឡាំងកាវី (Langkawi) ជាទីដែលរូបលោកត្រូវដាក់សំណុំបែបបទឈរបោះឆ្នោត ក្រោយពីអាកាសយានិក បានរកឃើញចំណុចខូចខាតមួយចំនួននៅក្នុងយន្តហោះ នៅមុនពេលរៀបនឹងចេញដំណើរទៅហើយ។
ជុំវិញរឿងនេះ រដ្ឋាភិបាលម៉ាឡេស៊ីបានចេញបញ្ជាឲ្យបើកការស៊ើបអង្កេត ដែលក្រោយមកអាជ្ញាធរអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា លទ្ធផលនៃការស៊ើបអង្កេត ពុំបានរកឃើញមានសញ្ញា នៃទង្វើលួចបំផ្លិចបំផ្លាញនោះឡើយ ហើយប្រធានរបស់ស្ថាប័នរដ្ឋាភិបាលនេះបាននិយាយថា វាគឺជារឿងខុសឆ្គងមួយក្នុងការបង្កើតរឿងភូតកុហកបែបនេះ ដើម្បីតែផលប្រយោជន៍នយោបាយ។
ម៉្យាងវិញទៀត បញ្ជាការកំពូលនៃប៉ូលិសម៉ាឡេស៊ី លោក ម៉ូហាម៉េដ ហ្វូហ្ស៊ី ហារុន (Mohamad Fuzi Harun) បានប្រាប់ក្រុមអ្នកសារព័ត៌មាន ប៉ូលិសអាចនឹងកោះហៅលោក Mahathir ឲ្យចូលមកធ្វើការបកស្រាយលម្អិត ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតព័ត៌មានក្លែងក្លាយ ប្រសិនបើចាំបាច់។
គួរបញ្ជាក់ថា ម៉ាឡេស៊ីស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចដំបូងគេ ដែលបានអនុម័តការត្រួតពិនិត្យ ក៏ដូចជាគ្រប់គ្រងព័ត៌មានក្លែងក្លាយឲ្យទៅជាច្បាប់ផ្លូវការរបស់ប្រទេស៕