(ឧបទ្វីបកូរ៉េ)៖ ដំណើរទស្សនកិច្ច និងកិច្ចជំនួបជាប្រវត្តិសាស្ត្រ នៃមេដឹកនាំ គីម ជុងអ៊ុន ក្នុងទឹកដីនៃប្រទេស កូរ៉េខាងត្បូង ហាក់ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ មិនតែប៉ុណ្ណោះរាល់ទីតាំង និងឥរិយាបទរបស់មេដឹកនាំផ្ដាច់ការរូបនេះ ក្នុងពេលធ្វើកិច្ចជំនួបជាមួយមេដឹកនាំកូរ៉េខាងត្បូង ហាក់មានការគ្រោងទុកយ៉ាងល្អ ធ្វើឱ្យមានការចោទជាចម្ងល់ថា តើអ្នកណាជាអ្នកនៅពីក្រោយការរៀបចំកិច្ចជំនួបនេះសម្រាប់មេដឹកនាំ គីម ជុងអ៊ុន?
គីម យូជុង (Kim Yo-jong) ត្រឹមតែជាស្ត្រីវ័យក្មេងម្នាក់ និងជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង។ ប៉ុន្តែប្រភពព័ត៌មានអន្តរជាតិ បានបង្ហើបឱ្យដឹងថា នាងជាស្ត្រីមិនធម្មតាម្នាក់ក្នុងរបបដឹកនាំកុម្មុយនីសនៃរដ្ឋាភិបាលក្រុង ព្យុងយ៉ាង។ ភស្ថុតាងអាចបញ្ជាក់ពីឥទ្ធិពលដ៏ខ្លាំងក្លារបស់អ្នកនាង តាមរយៈការកាន់កាប់តួនាទីយ៉ាងសំខាន់ ក្នុងឱកាសនៃការរៀបចំកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងជាលើកដំបូង បន្ទាប់ពីអាក់ខានអស់រយៈពេលជាងមួយទសវត្សរ៍។
អ្នកនាងបានពង្រឹងតួនាទីសាធារណៈដ៏លេចធ្លោក្នុងនាមជាមនុស្សជំនិតបំផុតដែលមេដឹកនាំ គីម ជឿជាក់បំផុត ព្រមទាំងអាចជាតួអង្គដ៏មានឥទ្ធិពលបំផុតទីពីរ ក្នុងរបបគ្រប់គ្រងរបស់លោក គីម ជុងអ៊ុន។ គីម យូជុង ត្រូវបានគេដឹងថា ជាមនុស្សមានឥទ្ធិពល និងបានលេចមុខលេខមាត់ជាខ្លាំង បន្ទាប់ពីនាងក្លាយជាសមាជិកដំបូង នៃគ្រួសារមេដឹកនាំកូរ៉េខាងជើង ដែលបានធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង កាលពីដើមខែកុម្ភៈកន្លងទៅនេះ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក។
ជាងនេះទៅទៀតនោះ កាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកនាងបានឈរក្បែរលោក គីម ជុងអ៊ុន រួមជាមួយគណប្រតិភូជាន់ខ្ពស់ផ្សេងទៀត ខណៈដែលកំពុងធ្វើដំណើរឆ្លងកាត់បន្ទាត់ ព្រំដែនដែលបែងចែកប្រទេស កូរ៉េទាំងពីរ។ មិនតែប៉ុណ្ណោះ អ្នកនាំបានចូលរួមជាមួយលោកក្នុងកិច្ចជំនួបពិភាក្សាជុំទីមួយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជែអ៊ីន ផងដែរ។
ក្នុងកិច្ចប្រជុំជាមួយកូរ៉េខាងត្បូង ក្រៅពីមេដឹកនាំ គីម និងប្អូនស្រី មានតែវត្តមានអតីតប្រធានស៊ើបការណ៍សម្ងាត់ កូរ៉េខាងជើង លោក គីម យ៉ុងចុល ប៉ុណ្ណោះ បានចូលរួមក្នុងការងារ ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ ការចូលរួមក្នុងកិច្ចជំនួបពិភាក្សានេះជាការបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លានៃស្ត្រីវ័យក្មេងរូបនេះ។ ប្រភពព័ត៌មានខ្លះបានឱ្យដឹង គីម ជុងអ៊ុន ទទួលបានការប្រឹក្សាយោបល់ជាច្រើនពីប្អូនស្រីរបស់ខ្លួន។
អ្នកនាងគីម គឺជាសមាជិកដំបូងគេនៃគ្រួសារត្រកូល គីម ដែលបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់តាំងពីសម័យសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ស្របពេលដែលមានការផ្លាស់ប្តូររវាងភាគីទាំងសងខាង ដែលព្យាយាមបង្កើនទំនាក់ទំនងល្អ និងអាចឈានទៅរកការបញ្ចប់ជម្លោះជាអន្តរជាតិ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ស្ត្រីស្ថិតក្នុងវ័យប្រមាណជា៣០ឆ្នាំ រូបនេះមិនត្រូវបានលាក់បាំងក្រោមស្រមោលនៃបងប្រុស ដែលជាមេដឹកនាំដ៏គួរឱ្យភ័យខ្លាចបំផុតនៅលើលោកតទៅទៀតឡើយ។ បច្ចុប្បន្ននេះនាងទទួលបានតំណែងជាតំណាងរបស់លោក គីម ព្រមទាំងឈរជាប់ជាមួយលោកជានិច្ច ក្នុងព្រឹត្ដិការណ៍ការទូតធំបំផុតរវាងកូរ៉េទាំងពីរ។
អ្នកនាងជាកូនពៅគេ នៃអតីតមេដឹកនាំ គីម ជុងអ៊ីល បានលេចមុខជាលើកដំបូងជាសាធារណៈ ក្នុងពេលរៀបចំពិធីបុណ្យសពរបស់ឪពុកនាងក្នុងឆ្នាំ២០១១កន្លងទៅនេះ។ ក្រុមអ្នកវិភាគកូរ៉េខាងជើង បានប្រឹងប្រែងប្រើពេលជាច្រើនឆ្នាំដើម្បីកំណត់អត្តសញ្ញាណរបស់ស្ត្រីវ័យក្មេងរូបនេះ ដែលតែងតែបង្ហាញវត្តមានរួមជាមួយ លោក គីម ជុងអ៊ុន នៅក្នុងព្រឹត្តិការណ៍សាធារណៈសំខាន់ៗ។
ល្បីថា អ្នកទាំងពីរមានម្តាយរួមគ្នា ដែលជាជនជាតិជប៉ុន គឺលោកស្រី កូ យ៉ុងហ៊ី ( Ko Yong-hui)។ នាងជាកូនស្រីសំណព្វរបស់អតីតមេដឹកនាំ គីម ជុងអ៉ិល ជាក់ស្តែងយោង តាមកាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ បានដកស្រង់សំដីមេចុងភៅជនជាតិជប៉ុនម្នាក់ បានឱ្យដឹងថា លោក គីម ជុងអ៉ិល ធ្លាប់បានលួងលោមកូនស្រី ដោយតែងតែហៅនាងថា «ព្រះនាង យូជុង» ។
ជាមួយគ្នានេះដែរ បងប្អូនបង្កើតពីររូបនេះ ត្រូវបានគេជឿជាក់ថាជាមនុស្សជិតស្និទ្ធបំផុតដោយសារតែពួកគេបានចូលរៀនសាលាឯកជនរួមគ្នានៅប្រទេសស្វីស ក្នុងពេលជាមួយគ្នា។
លោក Michael Madden អ្នកជំនាញកូរ៉េខាងជើង បានប្រាប់ព័ត៌មាន ABC ថា ពួកគេរស់នៅក្នុងស្ថានទូតក្រោមឈ្មោះក្លែងក្លាយ។
លោកបានមានប្រសាសន៍ថា «ពួកគេត្រូវបានគេលាក់បាំងអត្តសញ្ញាណ ដោយបន្លំថាជាកូនចៅរបស់អ្នកបម្រើតាមផ្ទះ និងអ្នកថែសួនប៉ុណ្ណោះ ក្រោយមកទើបនាងត្រូវបាន គេបង្ហាញអត្តសញ្ញាណ។ តាមរយៈព័ត៌មានសំខាន់ៗជុំវិញអ្នកនាង គីម យូជុង អាចបង្ហាញថា នាងជាស្ត្រីដ៏មានឥទ្ធិល និងសំខាន់ម្នាក់ដែលលោក គីម ជាមានទំនុកចិត្តខ្ពស់៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា