(រីយ៉ូ)៖ ក្រុមហ៊ុនផលិតយន្តហោះប្រេស៊ីល អេមប្រាយឺ (Embraer) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងរីយ៉ូ) សប្តាហ៍នេះថា អាកាសចរណ៍អាមេរិក (American Airlines) នៃសហរដ្ឋអាមេរិកបានបញ្ជាទិញយន្តហោះចំនួន ១៥គ្រឿង ពីក្រុមហ៊ុននេះនៅក្នុងតម្លៃ ៧០៥លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
យោងតាមក្រុមហ៊ុន Embraer យន្តហោះដែលត្រូវបានកុម្ម៉ង់ទិញនោះជាប្រភេទ E175 Jet ដែលនឹងត្រូវបញ្ជូនដល់ដៃអតិថិជននៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយរួមបញ្ចូលទាំងយន្តហោះប្រភេទខាងលើនេះបីគ្រឿងទៀត ដែលត្រូវបានចុះហត្ថលេខារួចមកហើយ កាលពីលើកមុន។ កិច្ចព្រមព្រៀងថ្មីខាងលើនេះ ធ្វើឲ្យចំនួនយន្តហោះដែលអាកាសចរណ៍អាមេរិកបានបញ្ជាទិញពីក្រុម Embraer កើនឡើងដល់ ៨៩គ្រឿង។
គួរបញ្ជាក់ E175 Jet គឺជាយន្តហោះខ្នាតមធ្យមសម្រាប់បម្រើវិស័យឯកជន ជាពិសេសការធ្វើដំណើរកម្សាន្តថ្នាក់តំបន់ ដែលជាម៉ូដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Embraer នៃប្រទេសប្រេស៊ីល។ ក្រុមហ៊ុននេះបានលក់យន្តហោះប្រភេទខាងលើ អស់ប្រមាណជាង ៤០០គ្រឿងទៅហើយ គិតចាប់តាំងតែពីឆ្នាំ២០១៣ មកដល់នឹងពេលបច្ចុប្បន្ន៕