(អាមេរិក)៖ ស្ថាប័នអប់រំផ្នែកខ្សែភាពយន្តដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានប្រកាសពីការបណ្តេញលោក Bill Cosby និង លោក Roman Polanski ដែលម្នាក់ជាតារាកំប្លែង និងម្នាក់ជាអ្នកដឹកនាំរឿងដ៏មានទេពកោសល្យ ចេញពីសមាជិកភាពខ្លួន ក្រោយពីតារាជើងចាស់ទាំងពីររូបនេះ បានជាប់ជំពាក់ជំពិននឹងរឿងអាស្រូវ និងទោសទណ្ឌគួរឲ្យស្អប់ខ្ពើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់បណ្ឌិតសភាភាពយន្តអាមេរិក (The Academy of Motion Picture Arts and Sciences) ដែលជាអ្នកបង្កើតកម្មវិធីពានរង្វាន់ក្នុងវិស័យខ្សែភាពយន្ត ដ៏ល្បីល្បាញបំផុតលើពិភពលោក គឺ Academy Awards ឬ Oscars នោះ តារាកំប្លែង និងសម្តែង ព្រមទាំងអ្នកដឹងនាំរឿងទាំងពីររូបខាងលើ ត្រូវបានដកហូតសមាជិកភាព ដោយសារតែក្រុមប្រឹក្សាភិបាលនៃស្ថាប័ននេះ កំពុងបន្តលើកកម្ពស់ស្តង់ដាសីលធម៌ ដែលតម្រូវឲ្យសមាជិកទាំងអស់ ប្រកាន់ខ្ជាប់នូវតម្លៃនៃការគោរព ចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
គួរជម្រាបថា លោក Cosby បច្ចុប្បន្នមានវ័យ៨០ឆ្នាំ ត្រូវបានគណៈវិនិច្ឆ័យទោសរកឃើញថា ពិតជាមានកំហុសមែននៅក្នុងបទចោទប្រកានចំនួន ០៣ករណី ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទទៅលើអតីតកីឡាការិនីបាល់បោះឈ្មោះ Andrea Constand កាលពីឆ្នាំ២០០៤។ លោក Cosby កំពុងរង់ចាំការកាត់ទោស និងត្រូវប្រឈមមុខការជាប់ពន្ធនាគាររហូតដល់រយៈពេល ៣០ឆ្នាំ។
ចំណែកឯលោក Polanski វិញដែលធ្លាប់បានប្រកួតប្រជែងយកពានអូស្ការដល់ទៅ ០៥លើក ហើយបានឈ្នះពានរង្វាន់ដ៏មានកិត្តិយសនេះ ក្នុងនាមជាអ្នកដឹកនាំរឿងដ៏ល្អបំផុត កាលពីឆ្នាំ២០០២ សម្រាប់ខ្សែភាពយន្ត The Pianist នោះ កាលពីចុងទសវត្សរ៍ ៧០ បានឆ្លើយទទួលកំហុសចំពោះបទចោទប្រកាន់ចំនួន ០៥ ដែលកើតឡើងពីការរួមភេទជាមួយអនីតិជនកាលពីជំនាន់នោះ។ លោក Polanski បានស្ថិតនៅក្នុងមន្ទីរឃុំឃាំងអស់រយៈពេល ៤២ថ្ងៃ កាលពីឆ្នាំ១៩៧៨ ប៉ុន្តែបានរត់គេចខ្លួនទៅកាន់ប្រទេសបារាំង និងបានរស់នៅដោយនិរទេសខ្លួនរហូតមកទល់ពេលបច្ចុប្បន្ន។
គួររំលឹកបន្ថែមថា លោក Harvey Weinstein ដែលបានផ្ទុះរឿងអាស្រូវកក្រើកឧស្សាហកម្មខ្សែយន្តអាមេរិកកាលពីឆ្នាំមុននោះ ក៏ត្រូវបានស្ថាប័នខាងលើ បោះឆ្នោតបណ្តេញចេញផលដែរកាលពីខែតុលា ឆ្នាំ២០១៧ ដោយសាររឿងអាស្រូវបៀតបៀនផ្លូវភេទ៕