(អាមេរិក)៖ អ្នកមានធ្លាប់ឆ្ងល់ដែរទេថា តើយើងទាំងអស់គ្នាអាចទប់ស្កាត់សង្រ្គាម មិនឲ្យផ្ទុះឡើងនៅទីអវកាសដែរឬទេ? តើច្បាប់អ្វីខ្លះទៅដែលអាចអនុវត្តន៍ទៅលើរឿងនេះ? បច្ចុប្បន្នក្រុមអ្នកជំនាញផ្នែកច្បាប់ កំពុងធ្វើការជជែកដេញដោលលើសំណួរទាំងនេះ ព្រមទាំងចម្ងល់ដ៏ទៃទៀត ខណៈពួកគេកំពុងធ្វើការរៀបចំសេចក្តីណែនាំ ក៏ដូចជាផ្តល់ព័ត៌មានអំពីបញ្ហាថា តើច្បាប់នៅលើផែនដី អាចត្រូវយកទៅអនុវត្តន៍ដោយរបៀបណា ទៅលើការធ្វើសង្រ្គាមក្នុងលំហអាកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
ក្តីសង្ឃឹមនៃការធ្វើដូច្នោះ គឺវាប្រហែលជាអាចជួយបង្ការសង្រ្គាមដ៏អន្តរាយបែបនេះ មិនឲ្យកើតមានឡើងបាន តាមរយៈការលើកឡើងឲ្យពិភពលោកបានឃើញជាក់ច្បាស់ អំពីផលវិបាកដែលអាចលេចឡើងរបស់វា។ ផ្កាយរណប និងឧបករណ៍ឯទៀតៗ ក្នុងទីអវកាស ឥឡូវនេះមានសារៈសំខាន់ជាខ្លាំង សម្រាប់ប្រព័ន្ធធ្វើការទាក់ទង ប្រព័ន្ធធ្វើដំណើរ ប្រព័ន្ធឃ្លាំមើល និងប្រព័ន្ធប្រកាសអាសន្ននាសម័យថ្មីនេះ។ ប្រការនេះ ធ្វើឲ្យពួកវា គឺជាគោលដៅគួរឲ្យទាក់ទាញជាងគេ សម្រាប់បញ្ហាជម្លោះប្រដាប់អាវុធ នាថ្ងៃអនាគតនៅទីអវកាស។
ជាមួយគ្នានេះ បច្ចេកវិទ្យាសម្រាប់ការធ្វើប្រតិបត្តិការ ដូចជាប្រព័ន្ធប្រឆាំងផ្កាយរណប និងប្រព័ន្ធរំខាន GPS (ប្រព័ន្ធបង្ហាញផ្លូវ) នោះ គឺមានវត្តមានរួចស្រេចទៅហើយ។ ដោយឡែក មនុស្សភាគច្រើនមិនបានដឹងឡើយថា ប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោកសព្វថ្ងៃ ពឹងផ្អែកទៅលើប្រព័ន្ធ GPS ធំធេងប៉ុណ្ណានោះ គឺវាត្រូវគេប្រើប្រាស់ដើម្បីជួយផ្តល់ភាពត្រឹមត្រូវ ដល់ការធ្វើការគ្រប់គ្រងចរន្តលុយ ហើយប្រសិនបើឧបករណ៍អវកាស ដែលគ្រប់គ្រង GPS ត្រូវបានបំផ្លាញចោលនោះ ទីផ្សារហិរញ្ញវត្ថុនឹងត្រូវជាប់គាំង។
ការយល់ឃើញថា ទីអវកាសគឺជាសមរភូមិនៃសង្រ្គាមមួយនោះ គឺវាពិបាកសម្រាប់ឲ្យមនុស្សជាច្រើននាក់ ស្រមៃមើលឃើញ ប៉ុន្តែតាមពិតទៅ ទីអវកាស បានស្ថិតនៅក្រោមក្តីព្រួយបារម្ភ នៃបញ្ហាសន្តិសុខជាតិរួចស្រេចទៅហើយ។ ម៉្យាងវិញទៀត ខណៈបញ្ហាទាំងនេះ ពុំមែនជាអ្វីថ្មីនោះ បញ្ហាសន្តិសុខផ្នែកអវកាស នាពេលបច្ចុប្បន្នស្រាប់តែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីពិភពលោក។ តួយ៉ាង កាលពីខែមីនាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានការបង្កើតកងយោធាអាមេរិក នៅទីអវកាសជាដើម។
យ៉ាងណាមិញ ច្បាប់ដែលគ្រប់គ្រងទៅលើការប្រើប្រាស់កម្លាំងយោធា នៅទីអវកាស គឺពុំទាន់មានភាពច្បាស់លាស់នៅឡើយទេនាពេលនេះ។ មួយវិញទៀត សន្ធិសញ្ញាអន្តរជាតិមួយចំនួនតូច ដែលចែងពីបញ្ហានៅទីអវកាស ផ្តល់បទបញ្ញតិតិចតួច ទៅលើសកម្មភាពក្នុងទីអវកាសនាសម័យថ្មីនេះ រួមទាំងការប្រើប្រាស់ទីអវកាស សម្រាប់វិស័យពាណិជ្ជកម្ម និងយោធា។
ដូច្នេះហើយ ការយល់ដឹងកាន់តែច្បាស់បន្ថែម អំពីរបៀបដែលច្បាប់អន្តរជាតិនៅលើផែនដី អាចយកទៅអនុវត្តន៍លើបញ្ហាជម្លោះក្នុងទីអវកាស ប្រហែលជានឹងជួយដល់ការធ្វើកិច្ចការទូត និងការព្រមព្រៀងលើសន្ធិសញ្ញា ដើម្បីទប់ស្កាត់សង្រ្គាមបែបនេះ។ គោលដៅនោះ គឺដើម្បីបង្ការសង្រ្គាមអាក្រក់នេះ មិនឲ្យកើតឡើងតាំងពីដំបូងតែម្តង ឬក៏ដើម្បីកំណត់ការឆ្លើយតប ដែលសមស្របនានាបំផុត ចំពោះសកម្មភាពណាមួយ នៅទីអវកាស។
ដើម្បីសម្រេចឲ្យបាននូវគោលដៅខាងលើនេះ ក្រុមអ្នកជំនាញអន្តរជាតិផ្នែកច្បាប់មួយក្រុម កំពុងអភិវឌ្ឍន៍នូវអ្វីដែលពួកគេសង្ឃឹមថា នឹងក្លាយជាឯកសារគោលស្តីពីច្បាប់យោធា និងសន្តិសុខ ដែលត្រូវអនុវត្តន៍នៅទីអវកាស។ ឯកសារនេះមានឈ្មោះថា Woomera Manual of the International Law of Military Space Operations។
គួរជម្រាបថា ខណៈឯកសារបែបនេះ ពុំមែនជាច្បាប់ផ្លូវការក៏ដោយ ពួកវាអាចផ្តល់ការណែនាំដ៏សំខាន់ៗ និងអាចជាធនធានយ៉ាងមានអត្ថន័យមួយ សម្រាប់អ្នកតាក់តែងច្បាប់ទាំងឡាយ នៅពេលដែលពួកគេទាំងនោះ ធ្វើការព្រាង និងពិចារណាទៅលើច្បាប់ ឬក៏កិច្ចព្រមព្រៀងអន្តរជាតិថ្មីៗ។ ឯកសារណែនាំខាងលើនេះ ត្រូវបានគេប្រកាសជាលើកដំបូងកាលពីខែមេសាកន្លងទៅ ហើយវាត្រូវគេរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២០៕