(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្ដែងក្ដីព្រួយបារម្ភជាខ្លាំង ជុំវិញការពង្រីកឥទ្ធិពលយោធាចុងក្រោយបំផុតរបស់ចិន នៅឯតំបន់សមុទ្រចិនខាងត្បូង ហើយថាសកម្មភាពបែបនេះ នឹងបង្កជាផលវិបាករយៈពេលខ្លី និងវែងនៅក្នុងតំបន់។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
ប្រតិកម្មរបស់សហរដ្ឋអាមេរិកកើតមានឡើង បន្ទាប់ពីស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃពុធ ដោយផ្អែកលើប្រភពព័ត៌មានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានរាយការណ៍កាលពីថ្ងៃពុធថា ចិនបានលួចលាក់តម្លើងមីស៊ីលកាលពីជាង ៣០ថ្ងៃមុន នៅលើទីតាំងចំនួនបីគឺ Fiery Cross Reef, Subi Reef និង Mischief Reef នៃទីប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូង ជាទីដែលចិនកំពុងមានជម្លោះដែនទឹក ជាមួយបណ្ដាប្រទេសអាស៊ានមួយចំនួន ដែលមានទីក្រុងវ៉ាស៊ីនតោន នៅពីក្រោយ។
ដោយឡែក ជុំវិញសេចក្ដីរាយការណ៍នេះដែរ សេតវិមានបានសម្ដែងក្ដីព្រួយបារម្ភជាខ្លាំង។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទដ៏ខ្លីមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) យ៉ាងដូច្នេះថា «យើងបានដឹងយ៉ាងច្បាស់ ពីទំនើបកម្មយោធារបស់ចិន នៅតំបន់សមុទ្រចិនខាងត្បូង... ហើយយើងពិតជាមានការព្រួយបារម្ភដោយផ្ទាល់ ចំពោះចិនពីបញ្ហានេះ ដ្បិតវានឹងបង្កជាផលវិបាករយៈពេលខ្លី និងវែងនៅក្នុងតំបន់»។ តែទន្ទឹមគ្នាលោកស្រីមិនបានបញ្ជាក់ថា តើផលវិបាកនោះ គឺជាអ្វីនោះទេ។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិចិន មិនទាន់ធ្វើការអត្ថាប្បាយណាមួយនៅឡើយ ជុំវិញសេចក្ដីរាយការណ៍របស់ CNBC។ ប៉ុន្តែក្រសួងការបរទេសចិនវិញបានអះអាងថា ចិនមានដែនអធិបតេយ្យភាពមិនអាចប្រកែកបាន លើទីប្រជុំកោះ Spratly ហើយថាភាពចំាបាច់ នៃដាក់ពង្រាយប្រព័ន្ធការពារ គឺសម្រាប់តែការការពារផលប្រយោជន៍ចិនតែប៉ុណ្ណោះ មិនមែនមានគោលដៅលើប្រទេសណាមួយឡើយ។ «អ្នកដែលមិនមានបំណងឈ្លានពានលើអ្នកដទៃ មិនគួរព្រួយបារម្ភ ឬភ័យខ្លាចនោះទេ»។ នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី ហួន ជនយីង (Hua Chunying)៕