(ចិន)៖ ក្រុមហ៊ុនមួយរបស់ប្រទេសចិន ដែលមានឯកទេសខាងផលិតឧបករណ៍ដ្រូន បានបំបែកកំណត់ត្រាពិភពលោក Guiness World Record ក្នុងការបង្ហោះដ្រូនបានច្រើនជាងគេក្នុងពេលតែមួយ សម្រាប់រយៈពេល ១៣នាទី ដោយក្នុងពេលនោះ ឧបករណ៍ដ្រូនប្រមាណ ១,៣៧៤គ្រឿង ត្រូវបានពង្រាយសំកាំងលើផ្ទៃមេឃប្រវែងជាង ០១គីឡូម៉ែត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Daily Mail (Mail Online) នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
ក្រុមហ៊ុនចិនខាងលើមានឈ្មោះថា EHang Egret បានបំបែកកំណត់ត្រាចាស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Intel ដែលកាលពីអំឡុងការប្រកួតកីឡាអូឡាំពិករដូវរងារ នាខែកុម្ភៈកន្លងទៅ ក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហោះឧបករណ៍ដ្រូនចំនួន ១,២១៨គ្រឿង ជាក្រុមតែម្តង។
នៅក្នុងការបំបែកកំណត់ត្រា ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅឯទីក្រុងទេសចរណ៍ស៊ីអាន (Xi'an) នៃប្រទេសចិន ដ្រូនជិត ១,៤០០គ្រឿង ខាងលើបានបញ្ចេញភ្លើងជាទម្រង់ 3-D ចំនួន ១៦បែបខុសៗគ្នា រួមមានទាំងសត្វអូដ ព្រះពុទ្ធ និងរថភ្លើងល្បឿនលឿនជាដើម។
គួរជម្រាបថា កាលពីខែសីហា ឆ្នាំ២០១៧វិញ ក្រុមហ៊ុនចិនមួយផ្សេងទៀតមានឈ្មោះថា WL Intelligent Technology Co Ltd បានបំបែកកំណត់ត្រាពិភពលោក សម្រាប់ការបញ្ជាមនុស្សយន្ត ឲ្យរាំព្រមគ្នាក្នុងពេលតែមួយ ដោយមនុស្សយន្តទាំងនោះ គឺប្រភេទ Bipedal។ ប៉ុន្តែក្រោយមកកំណត់ត្រានេះ ត្រូវបានបំបែកដោយក្រុមហ៊ុនមួយរបស់អ៊ីតាលី បានបញ្ជាមនុស្សយន្តដល់ទៅ ១,៣៧២គ្រឿងឲ្យរាំ៕