(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុបបានប្រកាសថា កំណើនសេដ្ឋកិច្ចក្នុងតំបន់ចាយបា្រក់អឺរ៉ូ នៅតែមានភាពរឹងមំា ប៉ុន្តែក៏បានព្រមានស្របពេលគ្នាផងដែរថា ជម្លោះពាណិជ្ជកម្មដោយសារតែគំនិតគាំពារនិយម គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់កំណើនសេដ្ឋកិច្ចសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
យោងតាម Economic Forecast អាត្រាកំណើនសេដ្ឋកិច្ចនៃសហភាពអឺរ៉ុប និងតំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើងខ្ពស់លើសការរំពឹងទុកកាលពីឆ្នាំ២០១៧ ជាមួយកំណើន ២.៤ភាគរយ។ មិនតែប៉ុណ្ណោះ កំណើននេះនៅតែរក្សាបាននូវភាពរឹងមាំក្នុងឆ្នាំ២០១៨នេះ ហើយវាអាចនឹងថយចុះបន្តិចបន្តួចនៅក្នុងឆ្នាំ២០១៩ ដោយមានកំណើន ២.៣ភាគរយ។
តែទោះជាយ៉ាងក្ដី គណៈកម្មការអឺរ៉ុបបានព្រមានថា គំនិតគាំពារនិយម គឺជាគ្រោះថ្នាក់មួយដល់កំណើនសេដ្ឋកិច្ចសកល។ «ហានិភ័យដ៏ធំដល់កំណើនសេដ្ឋកិច្ចសកល គឺការគាំពារនិយម ដែលមានតែផ្ដល់ការឈឺចាប់សម្រាប់ប្រជាជនរបស់យើង»។ នេះគឺជាការលើក ឡើងរបស់លោក Pierre Moscovici ជាស្នងការទទួលបន្ទុកសេដ្ឋកិច្ច និងកិច្ចហិរញ្ញវត្ថុ ពន្ធដារ និងពន្ធគយ។
គួរបញ្ជាក់ថា បើតាមលោក Moscovici ជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន និងគោលនយោបាយគាំពារនិយមរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសកល៕