(ដាម៉ាស់)៖ នាយករដ្ឋមន្ត្រីស៊ីរី លោក អ៊ីមេដ ខាមីស (Imad Khamis) បានចូលរួមពិធីសម្ពោធគំរោងផលិតឧស្ម័នមួយ នៅឯតំបន់ការ៉ា (Qara) និងអាល់ប៊ួរេច (al-Bureij) ស្ថិតនៅភាគខាងជើងទីក្រុងដាម៉ាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរនៅក្នុងជំនួបជាមួយកម្មករ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Khamis បាននិយាយថា គំរោងផលិតឧស្ម័ននេះអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកជំនាញស៊ីរីដោយផ្ទាល់ ហើយវាមានសមត្ថភាពផលិតឧស្ម័ន ០១លានម៉ែត្រគូប ក្នុងរយៈពេលមួយថ្ងៃ។ លោក បន្ថែមថា គំរោងនេះគឺជាសារមួយផ្ញើទៅកាន់ពិភពលោកថា ប្រជាជនស៊ីរីបានប្ដេជ្ញាចិត្តកសាងប្រទេសរបស់ខ្លួនឡើងវិញ លើគ្រប់វិស័យទាំងអស់ក្រោយពួកភេរវករបំផ្លាញអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
គួរបញ្ជាក់ថា បើតាមនាយករដ្ឋមន្ត្រី លោក Imad Khamis ការស្ដារវិស័យថាមពល គឺជាអាទិភាពមួយរបស់រដ្ឋាភិបាលស៊ីរី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងសេដ្ឋកិច្ចឡើងវិញហើយថា គំរោងឧស្ម័នដែលនៅសល់ នឹងត្រូវប្រតិបត្តិការក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕