(វ៉ាស៊ីនតោន)៖ ព័ត៌មានថ្មីជាច្រើនបានបង្ហាញថា អាវុធឡាស៊ែរ HELIOS របស់ក្រុមហ៊ុនអាមេរិក Lockheed Martin អាចនឹងត្រូវគេយកទៅជំនួសកាំភ្លើងយន្ដ និងប្រព័ន្ធមីស៊ីល ដែលបំពាក់នៅលើនាវាចម្បាំងអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
HELIOS ក្នុងភាសាក្រិកមានន័យថា «ព្រះនៃព្រះអាទិត្យ» គឺជាប្រភេទអាវុធឡាស៊ែរ ដ៏មានឥទ្ធិពលដែលកងទ័ពជើងទឹកអាមេរិកមិន ធ្លាប់បានប្រើពីមុនមក។ ពោលគឺបើតាមគំរោងអាវុធឡាស៊ែរនេះ នឹងត្រូវគេបង្កើនកម្លាំងរហូតដល់ទៅ ១៥០គីឡូវ៉ាត់ឯណោះ បើធៀបទៅនឹងអាវុធឡាស៊ែរ Laser Weapon System (LaWS) បំពាក់នៅលើនាវាចម្បាំងអាមេរិក USS Ponce កាលពីឆ្នាំ២០១៤ ដែល មានកម្លាំងត្រឹមតែ ៣០គីឡូវ៉ាត់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមកងទ័ពជើងទឹកអាមេរិកមានគំរោងបំពាក់ HELIOS នៅលើនាវាចម្បាំងក្នុងរយៈពេល ២៤ខែខាងមុខ ដើម្បីជំនួសប្រព័ន្ធអាវុធ MK-15 Phalanx Close-in Weapons System (CIWS) និងប្រព័ន្ធមីស៊ីល RIM-116 នៅលើកងនាវាអាមេរិក៕