(ញូដេលី)៖ អាជា្ញធរឥណ្ឌាបានអះអាងថា ចំនួនអ្នកស្លាប់បានកើនដល់ ១២៥នាក់ហើយ នៅតាមតំបន់ផ្សេងៗនៃរដ្ឋរ៉ាចាស្ថាន (Rajasthan) និងរដ្ឋយូតតារប្រាដែស (Uttar Pradesh) ភាគខាងជើងនៃប្រទេសឥណ្ឌា ក្រោយពីបានទទួលរងការវាយប្រហារ
យ៉ាងដំណំពីខ្យល់ព្យុះធូលីដ៏មានឥទ្ធិពលខ្លាំងក្លា។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរឥណ្ឌា រដ្ឋយូតតារ ប្រាដែស (Uttar Pradesh) មានមនុស្សស្លាប់ច្រើនជាងគេដល់ទៅ ៧៣នាក់ ហើយក្នុងនោះ ៤៣នាក់ នៅក្នុងស្រុក អាក្រា (Agra) នៃរដ្ឋមួយនេះដែលរងគ្រោះធ្ងន់ធ្ងរខ្លាំងបំផុត។ លើសពីនេះទៅទៀត ខ្យល់ព្យុះដ៏កំណាចនេះ ក៏បានផ្តួលរំលំដើមឈើ និងបង្គោលភ្លើងជាច្រើនដើម ក៏ដូចជាបង្កការខូចខាតដល់សំណង់អគារ ព្រមទាំងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធជាច្រើន និងកាត់ផ្ដាច់អគិ្គសនីរបស់ប្រជាជនឥណ្ឌារាប់ពាន់នាក់ផងដែរ។
ដោយឡែក ជុំវិញសោកនាដកម្មដែលបង្កឡើងដោយគ្រោះធម្មជាតិនេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិដ្រា ម៉ូឌី (Narendra Modi) បានបង្ហោះសារចូលរួមមរណទុក្ខ ដល់ក្រុមគ្រួសារសាច់ញាតិនៃជនគ្រោះទាំងអស់ ហើយលោកបានបង្គាប់ឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ បន្តឃ្លាំមើលស្ថានកាណ៍ និងរៀបចំប្រតិបត្តិការជួយសង្រ្គោះឲ្យញាប់ដៃញាប់ជើងឡើង។
គួរជម្រាបថា ក្រៅពីនេះមនុស្សច្រើនជាង ១៤៣នាក់ ផ្សេងទៀតក៏បានទទួលរងរបួស ដោយសារខ្យល់ព្យុះដ៏អាក្រក់នេះផងដែរ ខណៈសត្វពាហនៈជាង ១៥០ក្បាលបានងាប់៕