(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយនិងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាព ប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ស្ថានីយទូរទស្សន៍អាមេរិក CNBC បានរាយការណ៍ថា ចិនបានលួចលាក់តម្លើងប្រព័ន្ធមីស៊ីលប្រឆាំងនឹងនាវាមុជទឹក និងមីស៊ីលការពារដែនអាកាស នៅលើទីតាំងចំនួនបីក្នុងតំបន់សមុទ្រចិនខាងត្បូង៕
២៖ មនុស្សរហូតដល់ ៣០នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ បានទទួលរងរបួសក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅឯភាគខាងជើងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស៕
៣៖ អតីតអភិបាលក្រុងញូយ៉ក លោក រូឌី ហ្គូលៀនី (Rudy Giuliani) ដែលទើបតែបានចូលរួមក្នុងក្រុមមេធាវីរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមុនបានឲ្យដឹងថា លោក ត្រាំ បានទូទាត់លុយប្រមាណ ១៣០,០០០ដុល្លារសងលោក ម៉ៃខឺល ខូហេន (Michael Cohen) ដោយវាគឺជាចំនួនទឹកប្រាក់ដែលមេធាវីរូបនេះ បានចេញពីហោប៉ៅខ្លួនឯង ដើម្បីទិញយកភាពស្ងាត់ស្ងៀមរបស់អតីតតារាសម្តែងក្នុងភាពយន្តអាសអាភាសម្នាក់ឈ្មោះ ស្តរមី ដានីញែល (Stormy Daniels) ជុំវិញរឿងអាស្រូវផ្លូវភេទរបស់ស្រ្តីរូបនេះ ជាមួយនិងលោកប្រធានាធិបតី៕
៤៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នាថ្ងៃព្រហស្បតិ៍នេះបានជួបពិភាក្សាការងារ ជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕
៥៖ យន្តហោះចម្បាំងរុស្ស៊ីធុន Su-30SM មួយគ្រឿង បានធ្លាក់នៅក្នុងប្រទេសស៊ីរី ហើយអាកាសយានិកទាំងពីរនាក់នៅលើ
យន្តហោះនោះបានបាត់បង់ជីវិត៕
៦៖ អាជ្ញាធរលីប៊ីបានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែករបស់ក្រុមភេរវករ ISIS ទៅលើទីស្នាក់ការគណៈកម្មធិការរៀបចំការបោះឆ្នោតនៅថ្ងៃពុធសប្ដាហ៍នេះ បានកើនឡើងដល់ ១៥នាក់ហើយ និងរាប់សិបនាក់ទៀតរងរបួស៕