(ព្យុងយ៉ាង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នាថ្ងៃព្រហស្បតិ៍នេះបានជួបពិភាក្សាការងារ ជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
ក្រោមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) លោក វ៉ាង កំពុងស្ថិតក្នុងប្រទេសកូរ៉េខាងជើង សម្រាប់ការបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺតាំងពីថ្ងៃពុធម្សិលមិញ។ នៅក្នុងជំនួបពិភាក្សាជាមួយ លោក Ri ដែលជាសមភាគីកាលពីម្សិលមិញ លោក វ៉ា បានសង្កត់ធ្ងន់ថា ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការសម្រេចឲ្យបាននូវគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ។
ជាមួយគ្នានេះ លោក វ៉ាង យី ក៏បានឆ្លៀតឱកាសជជែកអំពីជំនួបកំពូលអន្តរកូរ៉េផងដែរ ដោយបានកោតសរសើរថា វាកំពុងនាំយកនូវឱកាសប្រកបដោយអត្ថប្រយោជន៍ សម្រាប់ការស្វែងរកដំណោះស្រាយ នៃបញ្ហាក្នុងតំបន់ឧបទ្វីបកូរ៉េ។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនរូបនេះ បានកើតមានឡើងនៅក្រោយ កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កាលពីសប្តាហ៍មុន នៅមុនគម្រោងនៃជំនួបកំពូលមួយផ្សេងទៀត រវាងលោក គីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្តទៅក្នុងពេលប៉ុន្មានសប្តាហ៍ទៀត៕