(ម៉ូស្គូ)៖ ស្ថានីយទូរទស្សន៍អាមេរិក CNBC បានរាយការណ៍ថា ចិនបានលួចលាក់តម្លើងប្រព័ន្ធមីស៊ីលប្រឆាំងនឹងនាវាមុជទឹក និងមីស៊ីលការពារដែនអាកាស នៅលើទីតាំងចំនួនបីក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយបន្តដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
CNBC ផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា តំបន់ដែលចិនលួចលាក់ តម្លើងមីស៊ីលកាលពីជាង ៣០ថ្ងៃមុននោះ រួមមានកោះ Fiery Cross Reef Subi Reef និងកោះ Mischief Reef។ មិនតែប៉ុណ្ណោះ បរិក្ខាយោធាផ្សេងទៀត ក៏ត្រូវបានថតជាប់ផងដែរដោយផ្កាយរណប នៅក្បែរកោះ វូឌី (Woody) នៃទីប្រជុំកោះផារ៉ាសែល (Paracel) ជាទីដែលចិនត្រូវបាន គេអះអាងថា បានសង់មូលដ្ឋានយោធានៅទីនោះ។
គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Asia Times ទីក្រុងប៉េកាំងក៏បាននិងកំពុងសាងសង់ មូលដ្ឋានយោធានៅឯទីក្រុង សាន់យ៉ា (Sanya) ស្ថិតនៅ ភាគខាងត្បូងកោះហៃណាន (Hainan) ក្នុងសមុទ្រចិនខាងត្បួងផងដែរ ដើម្បីដាក់ពង្រាយយានមុជទឹកទំាងមាន និងមិន មានមនុស្សបញ្ជា។ ចំណែកឯ សារព័ត៌មានចិន Chinese People's Daily ថែមទាំងអះអាងទៀតថា ក្រុមកម្មករចិនកំពុងបញ្ចប់ការសាងសង់ មជ្ឈមណ្ឌស្រាវជ្រាវថ្មីមួយ សម្រាប់ការស្រាវជ្រាវសមុទ្រ និងប្រមូលទិន្នន័យនៅត្រឹមឆ្នាំ២០១៩៕