(ម៉ូស្គូ)៖ យន្តហោះចម្បាំងរុស្ស៊ីធុន Su-30SM មួយគ្រឿង បានធ្លាក់នៅក្នុងប្រទេសស៊ីរី ហើយអាកាសយានិកទាំងពីរនាក់ នៅលើយន្តហោះនោះបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី យន្តហោះចម្បាំងខាងលើបានធ្លាក់ ក្នុងអំឡុងពេលហោះហើរនៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេ ក្រោយពីវាទើបតែបានធ្វើដំណើរ ចេញពីមូលដ្ឋានទ័ពអាកាសរុស្ស៊ី ហាមៃមីម (Hmeymim) ប្រចាំនៅក្នុងប្រទេសស៊ីរី ហើយអាកាសយានិកទាំងពីររូប បានព្យាយាមសង្រ្គោះយន្តហោះរបស់ពួកគេ ដល់វិនាទីចុងក្រោយនោះ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍នេះ។
គួរជម្រាបថា យោងតាមការបញ្ជាក់ពីក្រសួងខាងលើដដែល យន្តហោះចម្បាំងមួយគ្រឿងនេះ ពុំត្រូវបានគេបាញ់ទម្លាក់នោះឡើយ ហើយព័ត៌មានបឋម បានឲ្យដឹងថា កត្តាបុកទង្គិចនឹងសត្វបក្សី ប្រហែលជាបានបង្កឲ្យមានគ្រោះថ្នាក់ដ៏អាក្រក់នេះ៕