(វ៉ាស៊ីនតោន)៖ កងកម្លាំងទ័ពអាកាសអាមេរិក កំពុងមានមោទនភាពយ៉ាងខ្លាំង ចំពោះការរីកចំរើនក្នុងការអភិវឌ្ឍ និងការធើ្វតេស្ដសាកល្បងគ្រាប់បែកបរមាណូរបស់ខ្លួន ខណៈរុស្ស៊ីមើលឃើញថា នេះគឺជាអាកប្បកិរិយាបង្ករឿងថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
ក្រោមគោលយោបាយនុយក្លេអ៊ែរ ឬគេស្គាល់ថា Nuclear Posture Review (NPR) បូករួមទាំងការបង្កើនកញ្ចប់ថវិកាយោធា របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកមានផែនការចាយលុយជាង ០១ទ្រីលានដុល្លារ (ពាន់ពាន់លាន) ដើម្បីធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងនោះរួមមានទាំងគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបាញ់ចេញពីទីតាំងលើដីគោក ព្រមទាំងពីនាវាមុជទឹកផងដែរ។
ដោយឡែកជុំវិញផែនការនេះដែរ លោកឧត្ដមសេនីយ និងជាអនុប្រធានសេនាធិការសម្រាប់យុទ្ធសាស្ត្រនុយក្លេអ៊ែរអាមេរិក លោក ជែក វែនស្ទែន (Jack Weinstein) បានកោតសរសើរ ចំពោះការរីកចំរើនក្នុងការអភិវឌ្ឍ និងការធើ្វតេស្ដសាកល្បងគ្រាប់បែកបរមាណូអាមេរិក។ លោក Weinstein លើកឡើងនៅក្នុងជំនួបមួយកាលពីថ្ងៃអង្គារដូច្នេះថា «យើងបានធ្វើតេស្ដរួចរាល់ហើយនូវការដឹកនាំវិស្វកម្មចំនួន ២៦ ការអភិវឌ្ឍ និងការធ្វើតេស្ដគ្រប់គ្រងការហោះហើរនៃគ្រាប់បែកនុយក្លេអ៊ែរ B61-12 ខណៈកម្មវិធីនេះកំពុងដំណើរការទៅយ៉ាងល្អឥតខ្ចោះ»។
គួរបញ្ជាក់ថា គ្រាប់បែកកំណែប្រែថ្មី B61 ត្រូវបានអភិវឌ្ឍន៍ឡើងវិញអស់រយៈពេល ០៧ឆ្នាំ ចុងក្រោយនេះ ហើយគ្រាប់បែកប្រភេទនេះមានកម្លាំងផ្ទុះពី ០.៣ រហូតដល់ ៥០គីឡូតោន។ គ្រាប់បែកនុយក្លេអ៊ែរ ដែលអាមេរិកប្រើប្រាស់មុនគេប្រឆាំងនឹងទីក្រុងហ៊ីរ៉ូស៊ីម៉ា មានកម្លាំងផ្ទុះ ១៥គីឡូតោន៕