(ស៊ីដនី)៖ អ្នកវិទ្យាសាស្រ្ត​វ័យចំណាស់បំផុត​នៃ​ប្រទេសអូស្រ្តាលី គឺបរិស្ថានវិទូ​លោក ដេវីដ ហ្គោដល (David Goodall) ​កំពុងធ្វើដំណើរ​ទៅកាន់ប្រទេស​ស្វីស​ ក្នុង​​គោលបំណង​បញ្ចប់ជីវិត​ជាង ១០០ឆ្នាំរបស់ខ្លួន ដែលកាន់តែបាត់​បង់អត្ថន័យ​ទៅៗ ហើយ​ប្រទេសកំណើត​របស់លោក​ផ្ទាល់ មិនគាំទ្រ​ការ​​​បញ្ចប់ជីវិតដោយ​ស្ម័គ្រចិត្ត​បែបនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៣ ខែ​ឧសភា ឆ្នាំ២០១៨។

លោកតា Goodall បានចាកចេញ​ពីទីក្រុង Perth រដ្ឋអូស្រ្តាលី​ខាងលិច​នាថ្ងៃពុធនេះ ក្រោយពីបាន​ផ្តាំលាកូន​ ចៅ និងចៅទួត​របស់លោក ​​នៅ​​ឯ​ព្រលាន​យន្តហោះ។ លោកតា David Goodall គឺជាអ្នក​​គាំទ្រ​ម្នាក់ចំពោះមធ្យោបាយ​ នៃការបញ្ចប់​ជីវិតដោយ​ស្ម័គ្រចិត្ត ក្នុងអំឡុង​ពេល​​​ជា​ច្រើនឆ្នាំកន្លង​ទៅនេះ ហើយលោកតា​ក៏បានបង្ហាញ​ការសោកស្តាយ​ផងដែរ ដែលពុំអាច​បញ្ចប់ជីវិត​តាមចិត្តប៉ងបាន នៅក្នុងប្រទេស​​​កំណើត​របស់​ខ្លួន ដោយត្រូវធ្វើ​ដំណើរទៅ​ប្រទេសដទៃ ដើម្បីធ្វើ​យ៉ាងដូច្នោះ។

គួរជម្រាបថា ​បើតាមការ​អះអាងពី​លោកតា Goodall ដោយសារតែ​បញ្ហាលំបាកនា​ឆ្នាំកន្លងទៅ វាបានជំរុញ​ឲ្យលោក​សម្រេចចិត្ត​​​ធ្វើបែប​​នេះ​៕