(ញូដេលី)៖ គិតមកទល់ពេលនេះមនុស្សយ៉ាងតិច ៧៩នាក់ហើយ បានបាត់បង់ជីវិត ចាប់តាំងពីល្ងាចថ្ងៃពុធម្សិលមិញ នៅតាមតំបន់ផ្សេងៗនៃរដ្ឋ រ៉ាចាស្ថាន (Rajasthan) និងរដ្ឋ យូតតារ ប្រាដែស (Uttar Pradesh) ភាគខាងជើងនៃប្រទេសឥណ្ឌា ក្រោយពីបានទទួលរងការវាយយ៉ាងដំណំ ពីខ្យល់ព្យុះដ៏មានឥទ្ធិពលខ្លាំងក្លា បានផ្តួលរំលំដើមឈើ និងបង្គោលភ្លើងជាច្រើនដើម និងបង្កការខូចខាតដល់សំណង់អគារ ក៏ដូចជាប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដទៃទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានឥណ្ឌា News 18 នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
ក្នុងចំណោមចំនួនមនុស្សស្លាប់ខាងលើរួមមាន ៣២នាក់នៅរដ្ឋ Rajasthan និង៤៧នាក់នៅរដ្ឋ Uttar Pradesh ហើយសម្រាប់ក្នុងរដ្ឋនេះ គឺមានអ្នកបាត់បង់ជីវិតដល់ទៅ ៣៦នាក់ ក្នុងស្រុក Agra តែឯប៉ុណ្ណោះ។ ជុំវិញសោកនាដកម្មដែលបង្កឡើងដោយគ្រោះធម្មជាតិនេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិដ្រា ម៉ូឌី (Narendra Modi) ក៏បានបង្ហោះសារចូលរួមមរណទុក្ខ ដល់ក្រុមគ្រួសារសាច់ញាតិនៃជនគ្រោះទាំងអស់ផងដែរ ហើយលោកបានបង្គាប់ឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ បន្តឃ្លាំមើលស្ថានកាណ៍ និងរៀបចំប្រតិបត្តិការជួយសង្រ្គោះឲ្យញាប់ដៃញាប់ជើងឡើង។
គួរជម្រាបថា ក្រៅពីនេះមនុស្សចំនួន ១៤៣នាក់ ផ្សេងទៀតក៏បានទទួលរងរបួស ដោយសារខ្យល់ព្យុះដ៏អាក្រក់នេះផងដែរ៕