(វ៉ាស៊ីនតោន)៖ អតីតអភិបាលក្រុងញូយ៉ក លោក រូឌី ហ្គូលៀនី (Rudy Giuliani) ដែលទើបតែបានចូលរួមក្នុងក្រុមមេធាវីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមុនបានឲ្យដឹងថា លោក ត្រាំ បានទូទាត់លុយប្រមាណ ១៣០,០០០ដុល្លារសងលោក ម៉ៃខឺល ខូហេន (Michael Cohen) ដោយវាគឺជាចំនួនទឹកប្រាក់ដែលមេធាវីរូបនេះ បានចេញពីហោប៉ៅខ្លួនឯង ដើម្បីទិញយកភាពស្ងាត់ស្ងៀមរបស់អតីតតារាសម្តែងក្នុងភាពយន្តអាសអាភាសម្នាក់ឈ្មោះ ស្តរមី ដានីញែល (Stormy Daniels) ជុំវិញរឿងអាស្រូវផ្លូវភេទរបស់ស្រ្តីរូបនេះ ជាមួយនិងលោកប្រធានាធិបតី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
ជុំវិញរឿងអាស្រូវដ៏កក្រើកខាងលើ លោក ដូណាល់ ត្រាំ ផ្ទាល់បានបញ្ជាក់ថា រូបលោកមិនបានដឹងលឺអំពីការយកលុយទៅសូកលោកស្រី Daniels ដែលអះអាងថា ធ្លាប់មានសម្ព័ន្ធភាពស្នេហាមួយរាត្រីជាមួយលោក កាលពីឆ្នាំ២០០៦ឡើយ។ មេធាវីរបស់លោក ដូណាល់ ត្រាំ គឺលោក Michael Cohen បានឲ្យលុយចំនួន ១៣ម៉ឺនដុល្លារខាងលើ ទៅកាន់លោកស្រី Daniels ដែលមានឈ្មោះពិតថា ស្ទេហ្វានី គ្លីហ្វហ្វដ (Stephanie Clifford) ដើម្បីបំបិទមាត់អំពីរឿងអាស្រូវផ្លូវភេទនេះ នៅពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ បានមកដល់។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News លោក Giuliani ដែលជាអតីតរដ្ឋអាជ្ញាសហព័ន្ធ និងជាមិត្តដ៏ជិតស្និទ្ធិម្នាក់របស់លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកប្រធានាធិបតីបានដឹងអំពីរឿងចំណាយលុយ ១៣០,០០០ដុល្លារនេះ ហើយក៏បានទូទាត់សងលោក Cohen វិញដែរ ប៉ុន្តែលោក ត្រាំ ពុំបានដឹងច្បាស់ពីចេតនាជាក់លាក់ នៃការចំណាយលុយនេះឡើយ ហើយទង្វើនេះក៏ពុំបានល្មើសច្បាប់នោះដែរ ដោយសារតែវាពុំមានជាប់ទាក់ទិននឹងមូលនិធិ នៃយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ នោះទេ។
គួររំលឹកថា កាលពីមួយខែមុន នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកបានដឹងអំពីរឿងសូកលុយលោកស្រី Daniels ដែរឬយ៉ាងណានោះ? លោក ត្រាំ បានឆ្លើយថា «អត់បានដឹងទេ» ហើយនៅពេលគេសួរថា ហេតុអ្វីបានជាលោក Cohen ធ្វើការទូទាត់លុយច្រើនបែបនេះ? លោក ត្រាំ ក៏បានប្រកែកថា «មិនដឹងនោះឡើយ»។ លោក Cohen បានអះអាងថា លោកប្រើលុយក្នុងហៅប៉ៅរបស់ខ្លួនទៅឲ្យលោកស្រី Daniels ហើយពុំបានទទួលសំណងពីលោក ត្រាំ វិញឡើយ។ ចំណែកសេតវិមាន បានចេញមុខបញ្ជាក់ថា លោក ត្រាំ ពុំធ្លាប់មានសម្ព័ន្ធផ្លូវភេទជាមួយ លោកស្រី Daniels នោះដែរ។
លោកស្រី Daniels បានដាក់ពាក្យប្តឹងលោក ត្រាំ និងលោក Cohen ដើម្បីដោះខ្លួនចេញពីកិច្ចព្រមព្រៀងអំពីការរក្សាភាពស្ងៀមស្ងាត់នេះ ដោយសម្អាងថាវាគ្មានប្រសិទ្ធភាព ដោយសារតែលោក ត្រាំ ពុំដែលបានចុះហត្ថលេខាឡើយ ហើយតារាអាសអាភាសរូបនេះ ក៏បានប្តឹងលោក ដូណាល់ ត្រាំ ពីបទបរិហារកេរ្តិ៍ផងដែរ៕