(ទ្រីប៉ូលី)៖ អាជ្ញាធរលីប៊ីបានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែករបស់ក្រុមភេរវករ ISIS ទៅលើទីស្នាក់ការគណៈកម្មធិការរៀបចំការបោះឆ្នោតនៅថ្ងៃពុធសប្ដាហ៍នេះ បានកើនឡើងដល់ ១៥នាក់ហើយ និងរាប់សិបនាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
យោងតាមមន្ត្រីនៃមន្ទីរពេទ្យរដ្ឋ Tripoli Field Hospital ក្នុងទីក្រុងទ្រីប៉ូលី លោក Abdaddaem al-Rabti បុគ្គលិកគណៈកមា្មធិការរៀបចំការបោះឆ្នោត ០៩នាក់ មន្ត្រីសន្តិសុខ ០៤នាក់ និងភេរវករ ០២នាក់បានស្លាប់ រីឯមនុស្ស ២១នាក់ ផ្សេងទៀតរងរបួស។ លោក al-Rabti បន្ថែមថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក ដែលពួក ISIS អះអាងថា ជាស្នាដៃរបស់ក្រុមខ្លួននោះ បានកើតមានឡើងខណៈពេល ដែលរដ្ឋាភិបាលលីប៊ីគាំទ្រដោយ UN កំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយបេសកកម្ម UN ប្រចាំលីប៊ី ដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភា នៅមុនដំណាច់ឆ្នាំ២០១៨នេះ។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃពុធពួកភេរវករជាច្រើននាក់ បានសម្រុកចូលក្នុងអគារនៃគណៈកម្មការជាតិជាន់ខ្ពស់រៀបចំការបោះឆ្នោត ដោយបានបើកការបាញ់ប្រហារជាមួយក្រុមមន្ត្រីសន្តិសុខ មុននឹងគ្នាពួកគេបំផ្ទុះគ្រាប់បែកអត្តឃាត បន្ទាប់ពីត្រូវកងសន្តិសុខឡោមព័ទ្ធ។ នេះបើតាមប្រភពពីអាជ្ញាធរលីប៊ី៕